លោកនាយករដ្ឋមន្ត្រី Irakli Kobakhidze បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសហ្ស៊កហ្ស៊ី គាំទ្រយ៉ាង ពេញទំហឹងដល់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការផ្តួចផ្តើមការចរចាស្តីពីការបង្កើតសន្តិភាពនៅអ៊ុយក្រែន។
លោក Kobakhidze បាននិយាយថា៖«យើងគាំទ្រផែនការសន្តិភាព [សម្រាប់អ៊ុយក្រែន] របស់អាជ្ញាធររបស់សហរដ្ឋអាមេរិក ហើយសង្ឃឹមថា វានឹងទទួលបានជោគជ័យ ក្នុងពេលឆាប់ៗនេះ»។
លោក Kobakhidze បានបញ្ជាក់ថា ផែនសន្តិភាព គឺជាទម្រង់នៃដំណោះស្រាយរបស់ អាមេរិកស្តីពីបញ្ហាអ៊ុយក្រែនដែលប្រទេសហ្ស៊កហ្ស៊ី បានគាំទ្រនៅអង្គការសហប្រជាជាតិ ហើយបានក្លាយជាសហឧបត្ថម្ភសម្រាប់ផែនការនេះ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ២៤ ខែកុម្ភៈ បានបោះឆ្នោតគាំទ្រដំណោះស្រាយរបស់អាមេរិកស្តីពីជម្លោះនៅអ៊ុយក្រែន។ ឯកសារនេះ ត្រូវបានអនុម័តក្នុងទម្រង់ដើមរបស់ខ្លួន ក្រុមប្រឹក្សាសន្តិសុខ បានច្រានចោលទាំងវិសោធនកម្មប្រឆាំងរុស្ស៊ីនៃបណ្តាប្រទេសអឺរ៉ុប និងការកែប្រែដែលស្នើឡើងដោយរុស្ស៊ី ក្នុងគោលបំណងកែលម្អការវាយតម្លៃនៃវិបត្តិអ៊ុយក្រែន។