ប្រទេសអ៊ីរ៉ង់នៅថ្ងៃពុធនេះ បានថ្កោលទោសការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកថា ជា «សញ្ញាច្បាស់លាស់នៃអរិភាព» បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានដាក់ក្នុងបញ្ជីខ្មៅនូវមនុស្សជាង ៣០នាក់ និងនាវាដែលជាប់ទាក់ទងនឹងពាណិជ្ជកម្មប្រេងរបស់ខ្លួន។
ទីក្រុងវ៉ាស៊ីនតោន បានប្រកាសពីវិធានការនេះ កាលពីថ្ងៃចន្ទ ដោយកំណត់គោលដៅទៅលើប្រធានក្រុមហ៊ុនប្រេងជាតិ និងអ្នកផ្សេងទៀត ដែលត្រូវបានចោទប្រកាន់ពីបទសម្របសម្រួលការលក់ប្រេង។
នេះគឺជារលកទីពីរនៃទណ្ឌកម្មក្នុងរយៈពេលតិចជាងមួយខែ ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) បានដាក់គោលនយោបាយ «សម្ពាធអតិបរមា» របស់លោក ឡើងវិញលើទីក្រុងតេអេរ៉ង់ (Tehran)។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei បាននិយាយថា ទណ្ឌកម្ម គឺជា «សញ្ញាច្បាស់លាស់នៃអរិភាពរបស់អ្នកបង្កើតគោលនយោបាយអាមេរិក ចំពោះសុខុមាលភាព ការអភិវឌ្ឍ និងសុភមង្គលរបស់ប្រជាជនអ៊ីរ៉ង់»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកបានហៅវិធានការនេះថា ជា «ទង្វើខុសឆ្គង មិនសមហេតុផល និងខុសច្បាប់ ដែលរំលោភសិទ្ធិមនុស្សរបស់ប្រជាជនអ៊ីរ៉ង់” ហើយឲ្យទីក្រុងវ៉ាស៊ីនតោនជាអ្នកទទួលខុសត្រូវ។