រដ្ឋមន្ត្រីការបរទេសបារាំង បាននិយាយនៅថ្ងៃពុធនេះថា លោកចង់ឲ្យប្រទេសអ៊ឺរ៉ុប «ទាំងអស់» សហការ និងចាប់ផ្តើមកាត់បន្ថយទិដ្ឋាការ ដែលមានសម្រាប់ជនជាតិនៃប្រទេសនានា ដែលមិនព្រមទទួលយកមកវិញនូវជនអន្តោប្រវេសន៍ខុសច្បាប់ ដែលត្រូវបានបណ្តេញចេញដោយទីក្រុងប៉ារីស។
លោក Jean-Noel Barrot បាននិយាយ បន្ទាប់ពីបុរសដើមកំណើតអាល់ហ្សេរីម្នាក់ បានវាយប្រហារដោយចាក់នឹងកាំបិត នៅក្នុងក្រុង Mulhouse ភាគខាងកើតប្រទេសបារាំង កាលពីចុងសប្តាហ៍ ដោយបាន បណ្តាលឲ្យមនុស្សម្នាក់ ស្លាប់ និងជាច្រើននាក់ទៀត រងរបួស ជាអ្វីដែលលោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron)ហៅថា ជា «អំពើភេរវកម្មឥស្លាម»។
ជនសង្ស័យអាយុ ៣៧ ឆ្នាំ គឺស្ថិតក្នុងបញ្ជីឃ្លាំមើលអំពើភេរវកម្ម និងស្ថិតក្រោមបញ្ជានិរទេស។
អាជ្ញាធរបារាំង បាននិយាយថា ប្រទេសនេះ បានព្យាយាមបណ្តេញជនសង្ស័យនេះ ជាច្រើនដងហើយ ប៉ុន្តែប្រទេសអាល់ហ្សេរី បានបដិសេធមិនព្រមសហការ។
លោក Barrot បានប្រាប់ទូរទស្សន៍ France 2 ថា៖«ប្រសិនបើប្រទេសមួយ មិនសហការជាមួយអាជ្ញាធរបារាំង ខ្ញុំនឹងស្នើឲ្យប្រទេសអឺរ៉ុបទាំងអស់ ដាក់កម្រិតលើការចេញទិដ្ឋាការ ក្នុងពេលតែមួយ»។