ប្រទេសចិន នៅថ្ងៃពុធ (ទី២៦ ខែកុម្ភៈ) នេះ បានឲ្យដឹងថា កោះតៃវ៉ាន់កំពុងព្យាយាមប្រគល់ឧស្សាហកម្មបន្ទះអេឡិចត្រូនិក ឬបន្ទះឈីបរបស់ខ្លួនឲ្យទៅសហរដ្ឋអាមេរិកជា «អំណោយ» និងប្រើប្រាស់វា ដើម្បីស្វែងរកការគាំទ្រផ្នែកនយោបាយពីទីក្រុងវ៉ាស៊ីនតោន។
បណ្ដាញសារព័ត៌មានរបស់សហរដ្ឋអាមេរិក បានរាយការណ៍ថា ក្រុមហ៊ុន Taiwan Semiconductor Manufacturing Co (TSMC) ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបតាមកិច្ចសន្យាដ៏ធំបំផុតរបស់ពិភពលោក និងជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ដល់ក្រុមហ៊ុននានា ដូចជា Apple និង Nvidia ជាដើម បាន និងកំពុងពិភាក្សាពីលទ្ធភាពទិញភាគហ៊ុន នៅក្នុងក្រុមហ៊ុន Intel។

តែយ៉ាងណាក្ដី ទាំងក្រុមហ៊ុន TSMC និង Intel មិនបានបញ្ជាក់អះអាងពីរបាយការណ៍នេះទេ ហើយរដ្ឋបាលរបស់កោះតៃវ៉ាន់ ប្រាប់ថា ខ្លួនមិនបានទទួលព័ត៌មាន អំពីកម្មវិធីវិនិយោគក្រៅប្រទេសណាមួយ ពីក្រុមហ៊ុន TSMC នោះទេ។
គួររំលឹកថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានរិះគន់តៃកោះវ៉ាន់ថា បានទាញយកអាជីវកម្មបន្ទះឈីបរបស់អាមេរិក ដោយនិយាយថា លោកចង់ឲ្យឧស្សាហកម្មនេះផលិតកាន់តែច្រើនបន្ថែមទៀត នៅសហរដ្ឋអាមេរិក។

អំឡុងពេលនិយាយនៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ក្នុងទីក្រុងប៉េកាំង អ្នកនាំពាក្យការិយាល័យទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិន លោកស្រី Zhu Fenglian បានលើកឡើងដោយមិនមានផ្តល់ភស្តុតាងថា ប្រជាជន នៅកោះតៃវ៉ាន់ មានក្ដីបារម្ភ ដែលថា ក្រុមហ៊ុន TSMC អាចក្លាយជា «ក្រុមហ៊ុនផលិតបន្ទះឈីបរបស់សហរដ្ឋអាមេរិក»។
ដោយសំដៅដល់គណបក្សកាន់អំណាចរបស់កោះតៃវ៉ាន់ លោកស្រី Zhu បាននិយាយថា៖ «ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន អាជ្ញាធររបស់គណបក្សប្រជាធិបតេយ្យជឿនលឿន បានទាមទារដោយមិនរារែក ពីកងកម្លាំងខាងក្រៅ ដោយប្រើប្រាស់ឧស្សាហកម្មបន្ទះឈីបរបស់កោះតៃវ៉ាន់ និងបណ្ដាក្រុមហ៊ុនដ៏មានឥទ្ធិពល ដើម្បីទទួលបានឱកាសដំបូង ក្នុងវិធានការពឹងផ្អែកលើបណ្ដាប្រទេសបរទេស សម្រាប់គោលបំណងស្វែងរកឯករាជ្យ ហើយថែមទាំងផ្តល់ឲ្យទុកជាអំណោយទៀតផង»។
ក្រុមហ៊ុន TSMC មិនបានឆ្លើយតបនោះឡើយ ទៅនឹងសំណើសុំការអត្ថាធិប្បាយ។ សហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតរបស់កោះតៃវ៉ាន់ ទោះបីជាខ្លួនមិនបានទទួលស្គាល់រដ្ឋបាលកោះនេះជាផ្លូវការក៏ដោយ៕
