បុរសម្នាក់រស់នៅទីក្រុងសៀងហៃរបស់ប្រទេសចិន បានបាត់បង់ប្រាក់ជិត ២៨.០០០ដុល្លារ បន្ទាប់ពីត្រូវបានឆបោក ដោយសារមាន «ទំនាក់ទំនង» ពីចម្ងាយជាមួយមិត្តស្រីដែលត្រូវបានបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)។ នេះបើតាមសេចក្ដីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិន នាថ្ងៃពុធ (ទី២៦ ខែកុម្ភៈ) នេះ។
បើយោងតាមទូរទស្សន៍រដ្ឋ CCTV បានឲ្យដឹងថា ជនឆបោកបានប្រើកម្មវិធី AI ដើម្បីបង្កើតវីដេអូ និងរូបភាពដូចពិតប្រាកដរបស់នារីវ័យក្មេងម្នាក់ ក្នុងគោលបំណងបង្កើតរឿងប្រឌិត «Ms Jiao» (នាង Jiao)។
ជនរងគ្រោះ បានផ្ទេរប្រាក់ជិត ២០០.០០០យន់ (ជិត ២៨.០០០ដុល្លារ) ទៅឲ្យកាន់គណនីដែលរូបគេជឿថា ជាគណនីធនាគាររបស់គូស្នេហ៍តាមប្រព័ន្ធអ៊ីនធឺណិតរបស់ខ្លួន បន្ទាប់ពីជនឆបោកបានប្រើប្រាស់រូបភាពក្លែងក្លាយ ដើម្បីបញ្ចុះបញ្ចូលរូបគេថា «មិត្តស្រី» របស់ខ្លួន ត្រូវការប្រាក់បើកអាជីវកម្ម និងជួយសាច់ញាតិ ដោយមានវិក័យប័ត្រពីមន្ទីរពេទ្យ។
ទូរទស្សន៍ CCTV បានរាយការណ៍ថា ជនឆបោកថែមទាំងបានបង្កើតអត្តសញ្ញាណក្លែងក្លាយ និងរបាយការណ៍វេជ្ជសាស្រ្ត ដើម្បីគាំទ្រការក្លែងបន្លំនេះទៀតផង។
ដោយដកស្រង់ការស៊ើបអង្កេតរបស់នគរបាល CCTV បានបន្ថែមថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងដោយ «ក្រុមជនឆបោកបញ្ជូនវីដេអូ និងរូបថត ដែលទាំងអស់ត្រូវបានបង្កើតតាមរយៈ AI ឬធ្វើឡើងដោយការបញ្ចូលគ្នានូវរូបភាពជាច្រើន»។
កាលពីដើមខែនេះ ក្រុមហ៊ុនបណ្ដាញសង្គមដ៏ធំរបស់សហរដ្ឋអាមេរិក Meta បានព្រមានអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតឲ្យប្រុងប្រយ័ត្ន ចំពោះអ្នកស្គាល់គ្នា តាមអនឡាញ ដែលសន្យាមានចំណងស្នេហាជាមួយ ប៉ុន្តែចង់បានប្រាក់ ដោយកត់សម្គាល់ថា ការឆបោកដែលប្រើប្រាស់ដោយ AI មានការកើនឡើង៕