គណៈកម្មការអឺរ៉ុប នៅថ្ងៃពុធ (ទី២៦ ខែកុម្ភៈ) បានស្នើឲ្យមានទឹកប្រាក់ ១០០ពាន់លានអឺរ៉ូ (១០៤,៩៤ពាន់លានដុល្លារ) ដើម្បីគាំទ្រដល់ការផលិតស្អាតដែលផលិតដោយសហភាពអឺរ៉ុប (EU) ជាផ្នែកដ៏សំខាន់មួយនៃកិច្ចព្រមព្រៀងឧស្សាហកម្មស្អាត (Clean Industrial Deal)។
កិច្ចព្រមព្រៀងនេះ គឺជាសសរស្តម្ភសំខាន់នៃផែនការប្រកួតប្រជែងរបស់ខ្លួន ដែលត្រូវបានបង្កើតឡើង ដើម្បីគាំទ្រដល់ឧស្សាហកម្មពឹងផ្អែកលើថាមពលដែលប្រឈមនឹងការចំណាយខ្ពស់ និងការិយាធិបតេយ្យធ្ងន់ធ្ងរ ខណៈដែលពួកគេប្រកួតប្រជែងដណ្ដើមចំណែកទីផ្សារជាមួយគូប្រជែងសកល។
ជាផ្នែកមួយនៃកិច្ចព្រមព្រៀង ដែលត្រូវបានរាយការណ៍ពីមុនដោយសារព័ត៌មាន Reuters គណៈកម្មាការគ្រោងនឹងចាប់ផ្តើមធ្វើការរួមជាមួយគម្រោងធានារបស់ធនាគារវិនិយោគអ៊ឺរ៉ុប (European Investment Bank) ដើម្បីជួយសម្រាលដល់ការចំណាយ សម្រាប់កិច្ចសន្យាថាមពលកកើតឡើងវិញរយៈពេលវែង ក៏ដូចជាការគាំទ្រដល់ក្រុមហ៊ុនផលិតបណ្តាញអគ្គិសនីផងដែរ។
ជាមួយគ្នានេះ គណៈកម្មការក៏បានស្នើបង្កើតមជ្ឈមណ្ឌលវត្ថុធាតុដើមសំខាន់ៗរបស់ EU ដើម្បីរួមគ្នាទិញលោហៈ និងសារធាតុរ៉ែសំខាន់ៗដែលត្រូវការនៅក្នុងដំណើរការផ្លាស់ប្តូរថាមពល។
កិច្ចព្រមព្រៀងនេះ គឺជាផ្នែកមួយនៃផែនការដ៏ទូលំទូលាយ ដែលរួមមានការសម្រួលនូវច្បាប់កំប៉ិកកំប៉ុក និងកាតព្វកិច្ចកាបូន ហើយនិងជាកម្មវត្ថុនៃការអនុម័ត នៅសភាអឺរ៉ុប និងក្នុងចំណោមរដ្ឋជាសមាជិកដោយភាគច្រើនរបស់ EU៕