ប្រភពចំនួន ៤ បានប្រាប់ឲ្យដឹងថា ប្រទេសកាតាកំពុងផ្អាកផ្តល់មូលនិធិដល់មេដឹកនាំថ្មីរបស់ប្រទេសស៊ីរី ពោលគឺជាជំនួយដែលនឹងយកទៅជួយដំឡើងប្រាក់ខែដល់បុគ្គលិកវិស័យសាធារណៈ ដោយសារតែភាពមិនប្រាកដប្រជា ជុំវិញថា តើការបញ្ជូននេះនឹងបំពានលើទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែរ ឬយ៉ាងណា ដោយនេះជាផលប៉ះពាល់ដល់កិច្ចប្រឹងប្រែង ដើម្បីស្តារសេដ្ឋកិច្ចរបស់ប្រទេសដែលរងគ្រោះដោយសង្គ្រាម។
ការពន្យារពេល ចំពោះផែនការរបស់កាតា ក្នុងការជួយដល់ការដំឡើងប្រាក់ខែ ដែលទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីខែមករា គូសបញ្ជាក់អំពីបញ្ហាប្រឈមដ៏ធំដែលអាជ្ញាធរឥស្លាមនិយមថ្មីរបស់ប្រទេសស៊ីរីជួបប្រទះ ខណៈដែលពួកគេប្រឹងប្រែងធ្វើឲ្យមានស្ថិរភាព នៅក្នុងរដ្ឋបែកបាក់មួយនេះ និងធានាដល់មហាអំណាចបរទេស អំពីការដឹកនាំរបស់ពួកគេ។
ប្រភពទាំងនោះបានឲ្យដឹងថា ទោះបីជារដ្ឋបាលមុនរបស់សហរដ្ឋអាមេរិក បានចេញការលើកលែងទណ្ឌកម្ម កាលពីថ្ងៃទី៦ ខែមករា ដើម្បីអនុញ្ញាតឲ្យមានប្រតិបត្តិការជាមួយស្ថាប័នសំខាន់ៗរបស់ស៊ីរី សម្រាប់រយៈពេល ៦ខែក៏ដោយ ក៏កាតាមិនយល់ថា នេះគឺជាវិធានការគ្រប់គ្រាន់ ដើម្បីគ្របដណ្តប់លើការទូទាត់ ដែលខ្លួននឹងត្រូវធ្វើតាមរយៈធនាគារកណ្តាល ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការដំឡើងប្រាក់ខែនោះដែរ។
ប្រភពចំនួន ៣ បានប្រាប់ថា កាតា ដែលជាសម្ព័ន្ធមិត្តអ្នកមានស្ដុកស្ដម្ភរបស់សហរដ្ឋអាមេរិក និងដែលមានទំនាក់ទំនងជាយូរមកហើយជាមួយក្រុមផ្តួលរំលំរបបរបស់អតីតប្រធានាធិបតីស៊ីរី លោក Bashar al-Assad កាលពីខែធ្នូឆ្នាំមុន កំពុងរង់ចាំភាពច្បាស់លាស់ អំពីគោលនយោបាយរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ចំពោះទីក្រុងដាម៉ាស៕