វិមានក្រឹមឡាំងនិយាយនៅថ្ងៃពុធនេះថា ការរៀបចំត្រូវបានធ្វើឡើងសម្រាប់ជំនួបកម្រិតអ្នកជំនាញរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ដើម្បីបន្តកិច្ចប្រជុំកម្រិតខ្ពស់កាលពីសប្តាហ៍មុន ហើយនិងការជជែកគ្នាតាមទូរស័ព្ទរវាងលោកប្រធានានធិបតី Vladimir Putin និងលោកប្រធានាធិបតី Donald Trump ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយថា នឹងមានជំនួបទល់មុខគ្នារវាងលោក Putin និងលោក Trump ក្រោយការរៀបចំទាំងនេះ ប៉ុន្តែលោកពុំបានផ្តល់សេចក្តីលម្អិតនោះទេពីពេលវេលា និងទីកន្លែងនៃជំនួបរបស់ពួកគេ ។
លោកនិយាយថា មេដឹកនាំទាំង ២ អាចនឹងនិយាយជាមួយគ្នាម្តងទៀតតាមទូរស័ព្ទ បើសិនជាចាំបាច់ ប៉ុន្តែបច្ចុប្បន្នពុំទាន់មានផែនការនោះទេ ។
លោក Peskov បាននិយាយទៀតថា ការទាក់ទងគ្នាត្រូវបានរៀបចំឡើងសម្រាប់ជំនួបកម្រិតអ្នកជំនាញ តាមរយៈក្រសួងការបរទេសប្រទេសទាំង ២ ។
សូមបញ្ជាក់ថា លោក Trump បានបង្ហាញពីបំណងរបស់លោកឲ្យមានបទឈប់បាញ់នៅក្នុងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ឲ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន ៕