ក្រុមមន្រ្តីនិយាយថា ចំនួនមនុស្សស្លាប់ដោយសារការធ្លាក់យន្តហោះយោធាស៊ូដង់នៅទីក្រុង Omdurman ស្ថិតនៅតំបន់ជាយក្រុងនៃរដ្ឋធានី Khartoum កើនឡើងដល់ ៤៦នាក់ ។
យន្តហោះ Antonov បានធ្លាក់កាលពីយប់ថ្ងៃអង្គារ អំឡុងពេលហោះឡើងចេញពីអាកាសយានដ្ឋានយោធា Wadi Seidna ស្ថិតនៅទីក្រុងភាគខាងជើង Omdurman ។
ការិយាល័យព័ត៌មានក្រុង Khartoum រាយការណ៍នៅថ្ងៃពុធនេះថា ហេតុការណ៍ធ្លាក់យន្តហោះនេះ បណ្តាលឲ្យមនុស្ស ១០ផ្សេងទៀត រងរបួសផងដែរ ។ ចំនួនមនុស្សស្លាប់ដំបូង ១៩នាក់ ត្រូវបានផ្តល់ជូនដោយក្រសួងសុខាភិបាលស៊ូដង់ ដែលពួកគេបាននិយាយថា យន្តហោះបានធ្លាក់លើផ្ទះពលរដ្ឋមួយខ្នង នៅសង្កាត់ Karrari ស្ថិតក្នុងទីក្រុង Omdurman ។
លោកឧត្តមសេនីយ៍ត្រី Bahr Ahmed គឺជាមេបញ្ជាការជាន់ខ្ពស់ក្រុង Khartoum ត្រូវបានគេរាយការណ៍ថា ស្ថិតនៅក្នុងចំណោមអ្នកស្លាប់ ។
យោធាស៊ូដង់ ដែលបានធ្វើសង្រ្គាមជាមួយកងកម្លាំងគាំទ្ររហ័ស(RSF) ចាប់តាំងពីខែមេសា ឆ្នាំ ២០២៣រហូតមក បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា មន្រ្តីយោធា និងជនស៊ីវិល ត្រូវបានសម្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះ ហើយក្រុមភ្នាក់ងារពន្លត់អគ្គិភ័យអាចគ្រប់គ្រងអណ្តាតភ្លើងបានហើយនៅទីតាំងកើតហេតុ ៕