យោធាអ៊ីស្រាអែល បានបើកការវាយឆ្មក់តាមច្រកអាកាសដែលមានគោលដៅមូលដ្ឋានយោធា និងទីបញ្ជាការនៅក្រៅទីក្រុងដាម៉ាស់ ស្ថិតនៅតំបន់ភាគខាងត្បូងប្រទេសស៊ីរី ។
ក្រុមអ្នកស្រុក និងកងកម្លាំងសន្តិសុខស៊ីរី និយាយប្រាប់ទូរទស្សន៍ Syria TV ថា យន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារទីក្រុង Kisweh ដែលមានចម្ងាយប្រមាណ ២០គ.មភាគខាងត្បូងទីក្រុងដាមាស់ ក៏ដូចជាខេត្តភាគខាងត្បូង Deraa កាលពីយប់ថ្ងៃអង្គារ ។
ចំណែកឯកងទ័ពអ៊ីស្រាអែល និយាយថា ពួកគេបានវាយប្រហារលើគោលដៅយោធានៅតំបន់ភាគខាងត្បូងស៊ីរី រួមទាំងទីបញ្ជាការ និងទីតាំងជាច្រើនកន្លែងទៀតដែលមានអាវុធ ដោយពួកគេពុំបានបញ្ជាក់ពីទីតាំងច្បាស់លាស់នោះទេ ។
ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុដាម៉ាស់ រាយការណ៍ថា ពួកគេបានឮសំឡេងយន្តហោះហោះទាបរំលងទីក្រុងរបស់ពួកគេ និងបានឮសំឡេងផ្ទុះគ្រាប់ជាច្រើន ។
អ្នកនាំពាក្យរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីស្រាអែលលោក Israel Katz និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កងទ័ពអាកាសអ៊ីស្រាអែល បានវាយប្រហារតំបន់ភាគខាត្បូងអ៊ីស្រាអែលដែលជាផ្នែកមួយនៃគោលនយោបាយថ្មីដែលពួកយើងកំណត់ឲ្យមានសន្តិភាពនៅតំបន់ភាគខាងត្បូងស៊ីរី ហើយវាគឺជាសារបញ្ជាក់យ៉ាងច្បាស់ថា ពួកយើងមិនបណ្តោយឲ្យតំបន់ភាគខាងត្បូងស៊ីរីក្លាយដូចជាតំបន់ភាគខាងត្បូងលីបង់នោះទេ ៕