ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa បានចាប់ផ្តើមកិច្ចប្រជុំប្រទេសសេដ្ឋកិច្ចកំពូល G20នៅអាហ្វ្រិកខាងត្បូងនាថ្ងៃពុធនេះ បើទោះបីជារដ្ឋមន្រ្តីហិរញ្ញវត្ថុមួយចំនួន ពុំបានចូលរួមក៏ដោយ ដោយសារជម្លោះជុំវិញបញ្ហាសំខាន់ៗជាច្រើន ដូចជាបញ្ហាអាកាសធាតុ បំណុល និងវិសមភាព ។
ការឯកភាពគ្នាលើសេចក្តីថ្លែងការណ៍រួម តែងតែក្លាយជាការលំបាកសម្រាប់ជំនួបមួយនេះ ដែលរួមទាំងក្រុមមន្រ្តីមកពីចិន រុស្ស៊ី សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ប៉ុន្តែការខ្វែងគំនិតគ្នាកាន់តែខ្លាំងជាងមុននៅពេលនេះ ហើយក្រុមរដ្ឋមន្រ្តីហិរញ្ញវត្ថុមួយចំនួន គិតគូរខ្លាំងពេកពីបញ្ហានយោបាយក្នុងស្រុក អំឡុងជំនួបរយៈពេល ២ថ្ងៃ នៅទីក្រុង Cape Town ។
មាននូវក្តីសង្ឃឹមតិចតួចប៉ុណ្ណោះ សម្រាប់កិច្ចព្រមព្រៀងលើបញ្ហាសំខាន់ៗដែលប្រធានាធិបតីប្រទេសម្ចាស់ផ្ទះលោក Ramaphosa មើលឃើញថាសំខាន់ ដូចជាហិរញ្ញវត្ថុសម្រាប់បម្រែបម្រួលអាកាសធាតុរបស់ប្រទេសអ្នកមាន កំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុសម្រាប់ប្រទេសក្រីក្រ និងវិសមភាព ។
ក្រុមរដ្ឋមន្រ្តីហិរញ្ញវត្ថុមកពីប្រទេសសេដ្ឋកិច្ចធំបំផុតរបស់ G20 គឺសហរដ្ឋអាមេរិក ចិន ជប៉ុន ឥណ្ឌា និងកាណាដា បានលុបចោលការចូលរួមរបស់ពួកគេនៅក្នុងកិច្ចប្រជុំមួយនេះ ខណៈដែលមន្រ្តីសេដ្ឋកិច្ចជាន់ខ្ពស់សហភាពអឺរ៉ុប ពុំបានចូលរួមដូចគ្នា ។
អវត្តមានរបស់ពួកគេ បានកាត់បន្ថយអ្វីដែលជាឱកាសតិចតួចរួចទៅហើយក្នុងការឈានដល់សេចក្តីថ្លែងការណ៍រួមនៅក្នុងកិច្ចប្រជុំមួយនេះ ៕