ជើងហោះហើរដឹកជនអន្តោប្រវេសន៍ ៦៥នាក់ដែលនិរទេសពីសហរដ្ឋអាមេរិក បានចុះចតនៅប្រទេសកូស្តារីកាកាលពីថ្ងៃអង្គារ ។
លោក Omer Badilla គឺជាអគ្គនាយកទីភ្នាក់ងារអន្តោប្រវេសន៍កូស្តារីកា និយាយថា នៅក្នុងចំណោមពួកគេគឺជាអនីតិជន ១៦នាក់ ។
ក្រោយការចុះចត ជនអន្តោប្រវេសន៍ទាំងនេះ ត្រូវបានដឹកតាមរថយន្តក្រុងទៅកាន់មជ្ឈមណ្ឌលមើលថែជនអន្តោប្រវេសន៍បណ្តោះអាសន្ន ជាកន្លែងដែលពួកគេទទួលបានការពិនិត្យសុខភាព ។
គួរឲ្យដឹងថា កាលពីសប្តាហ៍មុន កូស្តារីកា បានក្លាយជាគោលដៅចុងក្រោយសម្រាប់ក្រុមជនអន្តោប្រវេសន៍ ១៣៥នាក់ដែលត្រូវបាននិរទេសពីសហរដ្ឋអាមេរិក ។
ជើងហោះហើយដែលបានចាកចេញពីទីក្រុង San Diego រដ្ឋ California បានធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិ Juan Santamaría របស់កូស្តារីកា កាលពីព្រហស្បតិ៍សប្តាហ៍មុន ។
ចាប់តាំងពីឡើងកាន់តំណែងកាលពីថ្ងៃទី ២០ ខែមករា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបង្កើនការធ្វើនិរទេសជនអន្តោប្រវេសន៍ចេញពីសហរដ្ឋអាមេរិកទៅកាន់អាមេរិកឡាទីន រួមទាំងការប្រើប្រាស់យន្តហោះយោធា សម្រាប់ជើងហោះហើរធ្វើមាតុភូមិនិវត្តន៍ជអន្តោប្រវេសន៍ ៕