ភ្នំពេញ ÷ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួប លោកជំទាវ Edinrisinghe Archchiltage Sriyani Wiijayanthi Edirisinghe (អេឌីរីស៊ីងហេ អារ៉ាត់ឈីលេត ស្រីយ៉ានី វីយ៉ាយ៉ានធី អេឌីរីស៊ីហេ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា ថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសមនិងពិភាក្សាការងារ, នារសៀលថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២៥នេះ នៅទីសី្តការក្រសួង។
ជាកិច្ចចាប់ផ្តើមលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានមានមតិស្វាគមន៍ និងអបអរសាទរចំពោះលោកជំទាវ Edinrisinghe Archchiltage Sriyani Wiijayanthi Edirisinghe (អេឌីរីស៊ីងហេ អារ៉ាត់ឈីលេត ស្រីយ៉ានី វីយ៉ាយ៉ានធី អេឌីរីស៊ីហេ)ឯកអគ្គរដ្ឋទូតតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ និងថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា ដែលកន្លងមកតែងតែគាំទ្រក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើវិស័យវប្បធម៌។
ជាកិច្ចឆ្លើយតប លោកជំទាវ ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពីលោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតនូវពេលវេលាចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងមានបំណងធ្វើកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ ឲ្យកាន់តែច្រើនបន្ថែមទៀត ថ្វីត្បិតតែប្រទេសទាំងពីរ ឋិតនៅឆ្ងាយពីគ្នា ប៉ុន្តែយើងកាន់ព្រះពុទ្ធសាសនាដូចគ្នា។ ដូច្នេះការផ្លាស់ប្តូរវិស័យវប្បធម៌ ប្រជាជន និងប្រជាជន គឺបានបង្កើនទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ឲ្យបានកាន់តែស្គាល់គ្នាច្បាស់។ បច្ចុប្បន្ននេះ មានសិស្ស និសិ្សតកម្ពុជា កំពុងបន្តការសិក្សានៅស្រីលង្កា លោកជំទាវ ក៏សូមសរសើរដល់សិស្ស និសិ្សត ដែលកំពុងសិក្សានោះ និយាយភាសាស្រីលង្កា បានល្អ៕
អត្ថបទ៖រដ្ឋា
















