ក្រុមហាម៉ាស បានប្រគល់សាកសពចំណាប់ថ្នូរអ៊ីស្រាអែល ៤នាក់ ខណៈខ្លួនទទួលយកអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់ ដែលត្រូវបានដោះលែងដោយអ៊ីស្រាអែល បន្ទាប់ពីបញ្ហាពន្យារពេលយ៉ាងតានតឹងត្រូវបានដោះស្រាយ នៅក្នុងការផ្លាស់ប្តូរចុងក្រោយបំផុតជាផ្នែកមួយនៃបទឈប់បាញ់ដ៏ផុយស្រួយនៅដែនដីហ្កាហ្សា។

បទឈប់បាញ់នេះបានចូលជាធរមាននៅថ្ងៃទី១៩ ខែមករា ហើយភាគច្រើនបានដំណើរការយ៉ាងរលូន បើទោះបីមានភាពតានតឹង និងការប៉ះទង្គិចជាច្រើនក៏ដោយ។ ប៉ុន្តែដំណាក់កាលទីមួយនេះនឹងត្រូវបញ្ចប់នៅសប្តាហ៍នេះ ហើយជោគវាសនានៃដំណាក់កាលបន្ទាប់ ដែលមានបំណងបញ្ចប់សង្រ្គាម នៅតែមិនច្បាស់លាស់។ ក្រុមហាម៉ាស និយាយថា ខ្លួនមិនទាន់ទទួលបានសំណើណាមួយនៅឡើយទេ។

បន្ទាប់ពីមានការជាប់គាំងជាច្រើនថ្ងៃ អ្នកសម្រុះសម្រួលអេហ្ស៊ីប អាចធានាបានការប្រគល់សាកសពរបស់ចំណាប់ថ្នូរ ៤នាក់ចុងក្រោយ នៅក្នុងដំណាក់កាលទីមួយនៃកិច្ចព្រមព្រៀង ដោះដូរនឹងជនជាតិប៉ាឡេស្ទីនចំនួន ៦២០នាក់ ដែលមានទាំងអ្នកដែលត្រូវបានចាប់ខ្លួនដោយកងកម្លាំងអ៊ីស្រាអែលនៅហ្កាហ្សា និងអ្នកជាប់ពន្ធនាគារនៅអ៊ីស្រាអែល។

ការិយាល័យលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយនៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ (២៧ កុម្ភៈ) នេះថា អ៊ីស្រាអែល បានទទួលមឈូសដែលដាក់សាកសពចំណាប់ថ្នូរ ៤នាក់ ហើយសាកសពទាំងនោះកំពុងស្ថិតក្រោមការកំណត់អត្តសញ្ញាណដំបូង ខណៈការជូនដំណឹងជាផ្លូវការនឹងត្រូវផ្តល់ឱ្យក្រុមគ្រួសារចំណាប់ថ្នូរ នៅពេលដំណើរការនេះត្រូវបានបញ្ចប់៕