អាជ្ញាធរការពារជាតិកោះតៃវ៉ាន់ បាននិយាយនៅថ្ងៃព្រហស្បតិ៍ (២៧ កុម្ភៈ) នេះថា ខ្លួនបានពិនិត្យឃើញការកើនឡើងនៃសកម្មភាពយោធារបស់ប្រទេសចិនកាលពីថ្ងៃពុធ ប៉ុន្តែក្រុមមន្ត្រីនិយាយថា ពួកគេមិនបានប្រទះឃើញសមយុទ្ធបាញ់គ្រាប់ពិតនោះទេ ក្នុងតំបន់សមយុទ្ធមួយនៅឆ្នេរសមុទ្រភាគនិរតីរបស់កោះ។

តំបន់ស្វ័យគ្រប់គ្រងតៃវ៉ាន់ ដែលប្រទេសចិនអះអាងសិទ្ធិថាជារបស់ខ្លួន បាននិយាយថា កាលពីថ្ងៃពុធប្រទេសចិនបានបង្កើតតំបន់សមយុទ្ធ "បាញ់ប្រហារ" នៅភាគនិរតីក្នុងផ្នែកនៃច្រកសមុទ្រតៃវ៉ាន់ ក្បែរតំបន់កោះ Kaohsiung និង Pingtung។

អាជ្ញាធរការពារជាតិកោះនេះនិយាយថា ខ្លួនបានប្រទះឃើញយន្តហោះយោធាចិនចំនួន ៤៥គ្រឿង និងនាវាកងទ័ពជើងទឹកចំនួន ១៤គ្រឿង ដែលកំពុងប្រតិបត្តិការជុំវិញកោះ រួមទាំងនាវាចំនួន ៧គ្រឿងនៅក្នុងតំបន់សមយុទ្ធដែលបានប្រកាស ចម្ងាយ ៤០ ម៉ាយល៍ណត់ពីកោះតៃវ៉ាន់។

ប្រទេសចិន មិនដែលបោះបង់ការប្រើប្រាស់កម្លាំងដើម្បីនាំយកតំបន់តៃវ៉ាន់ ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ ហើយបានថ្កោលទោសទាំងលើមេដឹកនាំកោះ លោក Lai Ching-te ថាជា "ជនផ្ដាច់ខ្លួន" និងសហរដ្ឋអាមេរិក ចំពោះការគាំទ្ររបស់ខ្លួនលើតំបន់របស់ចិនមួយនេះ៕