ប្រភពការទូត និងមន្ត្រីពាណិជ្ជកម្មទីក្រុងហ្សឺណែវ បានប្រាប់សារព័ត៌មានរ៉យទ័រថា សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (២៦ កុម្ភៈ) បានអនុប្បវាទ ដោយការបដិសេធមិនចូលរួមសេចក្តីថ្លែងការណ៍របស់សមាជិកអង្គការពាណិជ្ជកម្មពិភពលោក WTO ដែលថ្កោលទោសប្រតិបត្តិការយាធារបស់រុស្ស៊ី នៅអ៊ុយក្រែន។

នេះជាលើកទីមួយហើយដែលអាមេរិក មិនគាំទ្រសេចក្តីថ្លែងការណ៍ ដែលត្រូវបានចេញជារៀងរាល់ឆ្នាំមួយនេះ ចាប់តាំងពីការវាយលុកទ្រង់ទ្រាយធំរបស់រុស្ស៊ី លើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដែលជាសញ្ញាមួយផ្សេងទៀតនៃការផ្លាស់ប្តូរក្នុងទំនាក់ទំនងជាមួយរុស្ស៊ី។

សមាជិក WTO ចំនួន ៤៤ប្រទេស និងអ៊ុយក្រែន បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍នោះ រួមទាំងសហភាពអឺរ៉ុប អង់គ្លេស កាណាដា និងអូស្ត្រាលី។ មន្ត្រីអាមេរិកនិយាយថា "ការសម្រេចមិនចូលរួមគាំទ្រសេចក្ដីថ្លែងការណ៍ ត្រូវបានធ្វើឡើងស្របតាមជំហររបស់អាមេរិក នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីដើមសប្តាហ៍នេះ"។

ក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃចន្ទសប្ដាហ៍នេះ បានអនុម័តសេចក្តីសម្រេចដែលព្រាងដោយអាមេរិក ដែលបានប្រកាន់ជំហរអព្យាក្រឹតលើជម្លោះ - ដោយនេះបង្ហាញពីការផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងជំហររបស់ទីក្រុងវ៉ាស៊ីនតោន តាំងពីលោកប្រធានាធិបតី Donald Trump ចូលកាន់តំណែងក្នុងខែមករា មក៕