ភ្លៀងធ្លាក់ឥតឈប់ឈរ និងអាកាសធាតុត្រជាក់យ៉ាងជូរចត់កាលពីសប្តាហ៍មុន បានធ្វើឱ្យស្ថានភាពរស់នៅដ៏អាក្រក់រួចទៅហើយ កាន់តែធ្ងន់ធ្ងរខ្លាំងបន្ថែមទៀតនៅក្នុងតំបន់ហ្កាហ្សា ជាទីដែលមនុស្សម្នាជាច្រើនត្រូវបានបង្ខំឱ្យរស់នៅក្នុងជម្រកបណ្តោះអាសន្ន បន្ទាប់ពីផ្ទះសម្បែងរបស់ពួកគេត្រូវបានបំផ្លាញទៅជាកម្ទេចថ្ម អំឡុងពេលជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

អ្នកស្រុកជាច្រើន ដែលធ្លាប់តែមានជីវភាពល្អ និងរស់នៅក្នុងអគារកម្ពស់ដល់ទៅជាន់នៅភាគខាងជើងហ្កាហ្សា នៅពេលនេះត្រូវរស់នៅតាមចិញ្ចើមផ្លូវ បន្ទាប់ពីការវាយប្រហារតាមអាកាស និងការបាញ់ផ្លោងមិនឈប់ឈរជាច្រើនខែ ចាប់តាំងពីជម្លោះទ្រង់ទ្រាយធំបានផ្ទុះឡើងក្នុងខែតុលា ឆ្នាំ២០២៣ បានធ្វើឱ្យផ្ទះសម្បែងរបស់ពួកគេស្ថិតក្នុងការបំផ្លិចបំផ្លាញ។

អស់ប៉ុន្មានខែកន្លងមកនេះ ពលរដ្ឋហ្កាហ្សាបានរស់នៅក្នុងតង់ដ៏ផុយស្រួយដែលប្រមូលបានពីសំណល់សម្ភារៈចាស់ៗ ប៉ុន្តែជម្រកបណ្ដោះអាសន្នទាំងនេះមិនបានផ្ដល់ការការពារទល់នឹងខ្យល់ត្រជាក់ដ៏កាចសាហាវ និងភ្លៀងធ្លាក់មិនឈប់ឈរនោះទេ ដែលបង្ខំឱ្យពួកគេត្រូវផ្លាស់ប្ដូរទីកន្លែងជ្រកកោន និងសាងសង់តង់នៅទីទួលខ្ពស់។

ទោះជាដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលចូលជាធរមានកាលពីខែមករា បាននាំមកនូវសន្តិភាព និងស្ថិរភាពខ្លះដល់តំបន់ហ្កាហ្សាភាគខាងជើងក៏ដោយ ប៉ុន្តែលំហូរចូលដ៏យឺតយ៉ាវ និងតិចតួចនៃជំនួយមនុស្សធម៌ នៅតែមិនគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការរបស់ប្រជាជនប៉ាឡេស្ទីនបាន៕