ការអំពាវនាវកំពុងកើនឡើងខ្លាំងក្នុងចំណោមលោកខាងលិច ក្នុងការជំរុញឱ្យប្រើប្រាស់ទ្រព្យសម្បត្តិរបស់រដ្ឋាភិបាលរុស្ស៊ី តម្លៃរាប់រយពាន់លានដុល្លារ ដែលត្រូវបានបង្កកនៅក្នុងប្រព័ន្ធធនាគារអន្តរជាតិ ដើម្បីសាងសង់វិស័យការពារជាតិអ៊ុយក្រែន។ អឺរ៉ុប និងបណ្ដាប្រទេស G7 បានរកឃើញវិធីសាស្រ្តប្រើប្រាស់ការប្រាក់ពីទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ីទាំងនោះ ដើម្បីជួយសង្រ្គាមអ៊ុយក្រែន ប៉ុន្តែប្រាក់ដើមនៅតែជាប់គាំង ចាប់តាំងពីប្រតិបត្តិការយោធាខែកុម្ភៈ ឆ្នាំ២០២២ មក។

រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy បាននិយាយកាលពីថ្ងៃអង្គារថា “អឺរ៉ុបត្រូវតែចាត់វិធានការឱ្យបានឆាប់ ហើយគួរតែផ្លាស់ប្តូរពីការបង្កកទ្រព្យសម្បត្តិ ទៅជាការរឹបអូសយកទ្រព្យនោះ"។ លោក Petr Fiala នាយករដ្ឋមន្ត្រីឆេក ក៏បាននិយាយផងដែរថា លោកខាងលិចគួរតែប្រើប្រាស់ថវិកានោះដើម្បីផ្តល់ហិរញ្ញប្បទានដល់ការផ្គត់ផ្គង់យោធាអ៊ុយក្រែន។

រហូតមកដល់ពេលនេះ មេដឹកនាំអ៊ឺរ៉ុបបានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងស្តីពីវិធីរឹបអូសទ្រព្យបង្កករបស់រុស្ស៊ី ដោយការភ័យខ្លាចថាប្រឈមនឹងការតតាំងផ្លូវច្បាប់ ឬបង្កើតជារឿងឈឺក្បាលយ៉ាងស្មុគស្មាញជាអន្តរជាតិ។

គួររម្លឹកថា បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ជូនកងទ័ពចូលអ៊ុយក្រែន កាលឆ្នាំ២០២២ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានហាមឃាត់ប្រតិបត្តិការជាមួយធនាគារកណ្ដាលរុស្ស៊ី និងក្រសួងហិរញ្ញវត្ថុ ដោយបង្កកប្រាក់ប្រមាណ ៣០០ ទៅ ៣៥០ពាន់លានដុល្លារនៃទ្រព្យសម្បត្តិអធិបតេយ្យភាពរុស្ស៊ី ដែលភាគច្រើនជាបណ្ណបំណុលរដ្ឋាភិបាលអឺរ៉ុប អាមេរិក និងអង់គ្លេស ហើយបង្កកទុកនៅក្នុងឃ្លាំងមូលបត្រអឺរ៉ុប៕