ប្រធានទីភ្នាក់ងារសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានចោទប្រកាន់អ៊ីស្រាអែល កាលពីថ្ងៃពុធ (២៦ កុម្ភៈ) ថា បានបង្ហាញពីការមិនអើពើយ៉ាងខ្លាំងចំពោះសិទ្ធិមនុស្ស ក្នុងកម្រិតមិនធ្លាប់មានពីមុនមក ចំពោះសកម្មភាពយោធារបស់ខ្លួនលើតំបន់ហ្កាហ្សា ហើយក៏បានរិះគន់ក្រុមហាម៉ាស ថារំលោភបំពានច្បាប់អន្តរជាតិ។

អំឡុងពេលបង្ហាញរបាយការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅហ្កាហ្សា និងតំបន់កាន់កាប់ West Bank ប្រមុខសិទ្ធិមនុស្ស UN លោក Volker Turk បានលើកឡើងថា "អាកប្បកិរិយាដ៏គួរឱ្យរន្ធត់ ដែលអ៊ីស្រាអែល បានធ្វើក្នុងប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា ជាការមិនខ្វល់ខ្វាយនឹងសិទ្ធិមនុស្ស ហើយក្រុមសកម្មប្រយុទ្ធហាម៉ាស បានបំពានច្បាប់អន្តរជាតិយ៉ាងឃោរឃៅ"។

របាយការណ៍របស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ក៏បានចោទប្រកាន់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីននេះ ពីការរំលោភច្បាប់យ៉ាងធ្ងន់ធ្ងរចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មក ក្នុងការវាយប្រហារលើភាគខាងត្បូងអ៊ីស្រាអែល។

គួររម្លឹកថា យុទ្ធជនដែលដឹកនាំដោយក្រុមហាម៉ាស បានសម្លាប់មនុស្សប្រមាណ ១.២០០នាក់ និងចាប់ខ្លួនមនុស្សជាង ២៥០នាក់ ក្នុងការវាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី០៧ តុលា ឆ្នាំ២០២៣ នេះបើតាមតួលេខអ៊ីស្រាអែល។ អាជ្ញាធរប៉ាឡេស្ទីនបាននិយាយថា ប្រតិបត្តិការសងសឹករបស់អ៊ីស្រាអែល បានបំផ្លិចបំផ្លាញភាគច្រែននៃដែនដីហ្កាហ្សា និងសម្លាប់ពលរដ្ឋប៉ាឡេស្ទីនជាង ៤៨.០០០នាក់៕