កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) បានបញ្ឈប់បណ្តោះអាសន្នការចែកចាយជំនួយស្បៀងអាហារនៅក្នុងជំរំដែលរងគ្រោះដោយគ្រោះទុរ្ភិក្សសម្រាប់ជនភៀសខ្លួននៅរដ្ឋ North Darfur ប្រទេសស៊ូដង់ ក្នុងពេលមានអំពើហិង្សាកើនឡើង ដោយព្រមានថា គ្រួសាររាប់ពាន់អាចអត់ឃ្លាននៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។

ចំណាត់ការនេះ ធ្វើឡើងរយៈពេលពីរថ្ងៃ បន្ទាប់ពីអង្គការសប្បុរសធម៌ផ្នែកវេជ្ជសាស្រ្ត MSF បានផ្អាកសកម្មភាពរបស់ខ្លួននៅក្នុងជំរំ Zamzam ដែលជាគោលដៅនៃការវាយប្រហារដដែលដោយយោធាប៉ារ៉ានៅប្រទេសស៊ូដង់។
សង្រ្គាមបានផ្ទុះឡើងក្នុងខែមេសា ឆ្នាំ២០២៣ ក្នុងពេលមានការដណ្តើមអំណាចរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) មុនពេលការផ្លាស់ប្តូរតាមផែនការទៅរកការគ្រប់គ្រងស៊ីវិល ដែលបង្កឱ្យមានការភៀសខ្លួន និងវិបត្តិភាពអត់ឃ្លានធំបំផុតរបស់ពិភពលោក។

មន្ត្រីជំនួយជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ លោកស្រី Edem Wosornu បាននិយាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃពុធ ទី២៦ ខែកុម្ភៈថា រូបភាពផ្កាយរណបបានបញ្ជាក់ពីការប្រើប្រាស់អាវុធធុនធ្ងន់នៅក្នុង និងជុំវិញជំរំ Zamzam ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ និងការបំផ្លិចបំផ្លាញទីផ្សារសំខាន់ៗនៅក្នុងជំរំ។
លោកស្រីនិយាយថា «ជនស៊ីវិលដែលភ័យខ្លាច រួមទាំងបុគ្គលិកមនុស្សធម៌ ពុំអាចចាកចេញពីតំបន់នោះបានទេ នៅពេលដែលការប្រយុទ្ធគ្នាខ្លាំងក្លាបំផុត។