អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei កាលពីថ្ងៃពុធ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការដាក់ទណ្ឌកម្មថ្មីរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកលើនាវាជាច្រើន ក៏ដូចជាបុគ្គលស្របច្បាប់ ដែលត្រូវបានចោទប្រកាន់ថាបានជាប់ពាក់ព័ន្ធក្នុងការលក់ប្រេងឆៅរបស់ប្រទេសអ៊ីរ៉ង់ ក្នុងកិច្ចខិតខំប្រឹងទប់អ៊ីរ៉ង់កុំឲ្យសម្រេចបានការផលិតអាវុធនុយក្លេអ៊ែរ ។

លោកបានធ្វើអត្ថាធិប្បាយបែបនេះក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយដោយក្រសួង ពីរថ្ងៃបន្ទាប់ពីក្រសួងរតនាគារសហរដ្ឋអាមេរិកនិយាយថា ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសរបស់ខ្លួននិងក្រសួងការបរទេសសហរដ្ឋអាមេរិក កំពុងដាក់ទណ្ឌកម្មលើ បុគ្គលមួយចំនួន និងនាវាជាង៣០គ្រឿង នៅក្នុងយុត្តាធិការជាច្រើនសម្រាប់តួនាទីរបស់ពួកគេជាឈ្មួញកណ្តាលសម្រាប់ការលក់ និងការដឹកជញ្ជូនផលិតផលទាក់ទងនឹងប្រេងរបស់ប្រទេសអ៊ីរ៉ង់។

លោក Baghaei បានហៅទណ្ឌកម្មថ្មីនេះថា ផ្ទុយនឹងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេសការជំរុញឱ្យមានការគោរពចំពោះអធិបតេយ្យភាពជាតិរបស់ប្រទេសនេះ និងទាក់ទងនឹងសិទ្ធិស្វ័យសម្រេច ក៏ដូចជាច្បាប់អន្តរជាតិដែលគ្រប់គ្រងពាណិជ្ជកម្មសេរីក្នុងចំណោមរដ្ឋនានា។

លោកបាននិយាយថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកគឺជា "ទង្វើខុសច្បាប់ មិនសមហេតុផល និងរំលោភលើសិទ្ធិមនុស្សរបស់អ៊ីរ៉ង់" ដោយលោកបានបន្ថែមថា វិធានការនេះនឹងធ្វើឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកទទួលខុសត្រូវលើឆាកអន្តរជាតិ។

ក្រសួងរតនាគារសហរដ្ឋអាមេរិកនិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា ទណ្ឌកម្មត្រូវបានដាក់ អនុលោមតាមក្រឹត្យ លេខ 13902 និង 13846 ដែលកំណត់គោលដៅលើវិស័យប្រេង និងឧស្ម័នធម្មជាតិអ៊ីរ៉ង់" ហើយបានកត់សម្គាល់ជុំទីពីរនៃទណ្ឌកម្មដាក់គោលដៅលើការលក់ប្រេងរបស់ប្រទេសនេះ ចាប់តាំងពីលោក Donald Trump បានបញ្ជាកាលពីថ្ងៃទី ៤ ខែកុម្ភៈអនុវត្តយុទ្ធនាការដាក់សម្ពាធជាអតិបរមា លើការនាំចេញប្រេងរបស់ប្រទេសអ៊ីរ៉ង់ឲ្យដល់កម្រិតសូន្យ៕