ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ ទី២៦ ខែកុម្ភៈ បាននិយាយថា សហរដ្ឋអាមេរិក នឹងមិនធានាសន្តិសុខសម្រាប់អ៊ុយក្រែន ក្នុងកិច្ចព្រមព្រៀងរបស់ខ្លួន ដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ីនោះទេ ប៉ុន្តែសហភាពអឺរ៉ុបនឹងធ្វើ។

លោក Trump និយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក៏នឹងត្រូវធ្វើសម្បទាន ក្នុងកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់ការប្រយុទ្ធជាមួយអ៊ុយក្រែន។ លោកប្រធានាធិបតី Donald Trump បាននិយាយថា លោកនឹងមិនធានាសន្តិសុខណាមួយដល់អ៊ុយក្រែនឲ្យ «ហួសពីនេះទេ» ខណៈសហរដ្ឋអាមេរិក សម្លឹងមើលការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែជាមួយអ៊ុយក្រែន។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា ការធានាសន្តិសុខរបស់ប្រទេសលោកខាងលិច គឺចាំបាច់សម្រាប់បទឈប់បាញ់ក្នុងសង្គ្រាមជាមួយរុស្ស៊ី។
នៅពេលត្រូវបានសួរ ក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងនៃអាណត្តិទីពីររបស់លោកកាលពីថ្ងៃពុធ ថាតើការធានាសន្តិសុខអ្វីខ្លះដែលលោកមានឆន្ទៈនឹងធ្វើនោះ លោក Trump បានឆ្លើយតបថា «ខ្ញុំនឹងមិនមានការធានាសន្តិសុខឲ្យហួសពីនេះទេ។ យើងនឹងឱ្យអឺរ៉ុបជាអ្នកធ្វើដូច្នេះ»។
លោក Trump បានប្រកាសថា លោកនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែជាមួយ លោក Zelenskyy នៅសេតវិមាន នៅថ្ងៃសុក្រ និងបាននិយាយថា រដ្ឋបាលរបស់លោក «រីករាយ» ដោយមានកិច្ចព្រមព្រៀងនេះ។ លោក និយាយថា ដំណើរការចំពោះរ៉ែកម្ររបស់អ៊ុយក្រែន គឺជាការចាំបាច់ ដើម្បីធានាបាននូវកិច្ចព្រមព្រៀងមួយ ដែលពាក់ព័ន្ធនឹងការបន្តគាំទ្ររបស់ប្រទេសលោក សម្រាប់អ៊ុយក្រែន។