វាយកូនបាល់៖ កីឡាករវាយកូនបាល់អាល្លឺម៉ង់ Alexander Zverev បានក្លាយជាជើងឯកការប្រកួតចុងឆ្នាំរបស់ ATP រឺ ATP Finals នៅអ៊ីតាលីក្រោយយកឈ្នះអ្នកការពារតំណែងជើងឯក Daniil Medvedev នៅវគ្គផ្តាច់ព្រ័ត្រ។ កីឡាករវ័យ ២៤ឆ្នាំលំដាប់លេខ ៣ ពិភពលោករូបនេះធ្លាប់ចាញ់កីឡាកររុស្ស៊ី Medvedev ម្តងរួចហើយនៅវគ្គវិលជុំក្នុងពូលកន្លងមក តែការជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រនេះ Zverev បានសងសឹកវិញដោយយកឈ្នះក្នុងលទ្ធផល ៦-៤ និង ៦-៤។

មុនមកដល់វគ្គនេះ Alexander Zverev បានយកឈ្នះកីឡាករលំដាប់លេខ ១ ពិភពលោក Novak Djokovic នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងបានក្លាយជាកីឡាករទី ៤ ប៉ុណ្ណោះដែលយកឈ្នះកីឡាករលំដាប់ Top2 នៅព្រឹត្តិការណ៍ ATP Finals នេះរាប់ពីឆ្នាំ១៩៩០ ដែលធ្វើបានដូចគ្នានេះដោយកីឡាករ Andre Agassi។ នេះជាវគ្គផ្តាច់ព្រ័ត្រលើកដំបូងគិតពីឆ្នាំ២០០៥ នៅព្រឹត្តិការណ៍ ATP Finals នេះដែលវគ្គផ្តាច់ព្រ័ត្រជាជំនួបរវាងកីឡាករវ័យក្មេងក្រោមអាយុ ២៥ឆ្នាំ និងក៏ជាឆ្នាំដំបូងដែរដែលរៀបចំនៅក្រៅទីក្រុងឡុងដ៍ចក្រភពអង់គ្លេសមកកាន់ទីក្រុងទូរីនប្រទេសអ៊ីតាលី៕
អត្ថបទ៖នាង សុភាវុធ