សៀវភៅមួយក្បាលរបស់អតីតមេដឹកនាំគណបក្សកាន់អំណាច ដែលបានចេញផ្សាយនៅថ្ងៃពុធ (២៦ កុម្ភៈ) បានអះអាងថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ដែលត្រូវបានផ្អាកពីតំណែង ជាញឹកញយតែង "បង្ហើប" អំពីការប្រកាសច្បាប់អាជ្ញាសឹក ក្នុងពេលជួបជុំទទួលទានអាហារជាមួយអ្នករួមការងារ។

នៅក្នុងសៀវភៅថ្មីរបស់ខ្លួនដែលមានចំណងជើងថា “The People First” លោក Han Dong-hoon អតីតមេដឹកនាំបក្សអំណាចប្រជាជន (PPP) ដែលកំពុងកាន់អំណាចរបស់លោក Yoon បានលើកឡើងថា ក្រុមសហសេវិកបានឮលោក Yoon បង្ហើបពីលទ្ធភាពនៃការផ្អាកការគ្រប់គ្រងស៊ីវិលកាលពីមុន ប៉ុន្តែពួកគេមិនបានយកចិត្តទុកដាក់ខ្លាំងទេ។

លោក Han សរសេរក្នុងសៀវភៅនេះថា "សមាជិកសភាបក្សមួយចំនួនធំ ដែលបានទទួលទានអាហារជាមួយលោកប្រធានាធិបតីរូបនេះ បាននិយាយថា លោកតែងលើកពីច្បាប់អាជ្ញាសឹកនៅក្នុងការជួបជុំបែបឯកជនបែបនេះ ហើយអ្នកទាំងនោះសារភាពថា ពួកគេមិនគិតថាលោក Yoon នឹងធ្វើបែបនេះមែននោះទេ"។
លោក Yoon បានធ្វើឱ្យកូរ៉េខាងត្បូងធ្លាក់ចូលទៅក្នុងភាពចលាចលនយោបាយ នៅពេលលោកបានប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី០៣ ខែធ្នូ ដោយផ្អាកការគ្រប់គ្រងស៊ីវិល និងបញ្ជូនទាហានទៅកាន់សភា។ ការប៉ុនប៉ងនេះមានរយៈពេលត្រឹមតែ ៦ម៉ោងប៉ុណ្ណោះ ខណៈសភាដែលដឹកនាំដោយបក្សប្រឆាំង បានបោះឆ្នោតជំទាស់៕