មន្ត្រីអង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃពុធថា តំបន់វេសបែង(West Bank) កំពុងក្លាយជា សមរភូមិប្រយុទ្ធ ហើយប្រជាជនប៉ាឡេស្ទីនធម្មតា គឺជាអ្នកដំបូងគេ និងច្រើនបំផុត ដែលបានរងគ្រោះ។

លោក Philippe Lazzarini អគ្គស្នងការនៃទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ដើមបូព៌ា (UNRWA) បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«តំបន់វេសបែង កំពុងរងផលប៉ះពាល់ពីការរាលដាលនៃសង្រ្គាមហ្កាហ្សា»។

លោក Lazzarini បាននិយាយថា មនុស្សជាង ៥០នាក់ ក្នុងនោះមានកុមារផងដែរ ត្រូវបានគេរាយការណ៍ថា បានស្លាប់ ចាប់តាំងពីប្រតិបត្តិការទ្រង់ទ្រាយធំរបស់កងកម្លាំងអ៊ីស្រាអែល បានចាប់ផ្តើម កាលពី ៥ សប្តាហ៍ កន្លងទៅ។ ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ការឈូសឆាយផ្លូវ និងការរឹតបន្តឹងការចេញចូលទៅតំបន់នេះ គឺធ្វើឡើងជាប្រចាំ»។
លោកបានបញ្ជាក់ថា មនុស្សប្រហែល ៤០.000នាក់ ត្រូវបានបង្ខំឲ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ជាពិសេសនៅក្នុងជំរុំជនភៀសខ្លួន នៅភាគខាងជើង ដោយបានបន្ថែមថា៖«កុមារជាង ៥.០០០នាក់ ដែលជាធម្មតាទៅសាលារៀនរបស់អង្គការ UNRWA ត្រូវបានដកហូតការអប់រំ ហើយខ្លះ មិនបានចូលរៀន អស់រយៈពេលជាង ១០សប្តាហ៍ មកហើយ។ អ្នកជំងឺមិនអាចទទួលបានសេវាថែទាំសុខភាពទេ ប្រជាជន ជាច្រើនគ្រួសារ ត្រូវបានកាត់ផ្តាច់ទឹក ភ្លើង និងសេវាមូលដ្ឋានផ្សេងទៀត»។