អាមេរិក៖ នគរបាលបាននិយាយថា មនុស្ស ៥នាក់ស្លាប់ និងជាង ៤០នាក់រងរបួសបន្ទាប់ពីរថយន្ត ១គ្រឿងបានបើកបំបុកក្បួនមួយនៅរដ្ឋ Wisconsin សហរដ្ឋអាមេរិក។

រូបភាពបង្ហោះនៅលើបណ្ដាញសង្គមបង្ហាញពីរថយន្តស្ព័រពណ៌ក្រហម SUV កំពុងបើកបរក្នុងល្បឿនយ៉ាងលឿនកាត់ក្បួនពិធីបុណ្យណូអែលនៅក្នុងទីក្រុង Waukesha ភាគខាងលិចទីក្រុង Milwaukee នៅម៉ោងប្រហែល ១៦:៤០នាទីម៉ោងក្នុងស្រុក។ ស្នងការនគរបាល លោក Dan Thompson បាននិយាយថា ហេតុការណ៍បើករថយន្តបំបុកទាំងកម្រោលនេះបានប៉ះពាល់មនុស្សរាប់សិបនាក់ រួមទាំងកុមារផងដែរ។ លោកបានបញ្ជាក់ថា មនុស្សមួយចំនួនបានស្លាប់ ប៉ុន្តែបាននិយាយថា ពួកគេនឹងមិនផ្ដល់ព័ត៌មានលម្អិតទេ លុះត្រាតែមានការអនុញ្ញាតពីសមាជិកគ្រួសារ។

មន្ត្រីអនុវត្តច្បាប់ដែលបានដឹងពីបញ្ហានេះ និងកំពុងបើកការស៊ើបអង្កេតបានប្រាប់សារព័ត៌មាន CBS News ដែលជាដៃគូរសហការរបស់សហរដ្ឋអាមេរិកជាមួយសារព័ត៌មាន BBC ថា ជនសង្ស័យទំនងជារត់គេចខ្លួននៅពេលបើករថយន្តបំបុកចូលក្បូនដង្ហែនោះ។ ពួកគេនិយាយថា ឧបទ្ទវហេតុនេះទំនងមិនមែនជាទង្វើភេរវកម្មទេនៅពេលនេះ៕
អត្ថបទ៖ សុខមាន