កងទ័ពលីបង់ បានប្រកាសកាលពីថ្ងៃពុធថា ជនជាតិស៊ីរី ៨៦នាក់ ត្រូវបានចាប់ខ្លួនពីបទចូលក្នុងប្រទេសនេះ ដោយខុសច្បាប់។
សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា អង្គភាពកងទ័ពពីរ ដែលគាំទ្រដោយការល្បាតពីនាយកដ្ឋានស៊ើបការណ៍សម្ងាត់ បានចាប់ខ្លួនជនជាតិស៊ីរីចំនួន ៨៦នាក់ នៅតំបន់ភាគខាងជើងនៃទីក្រុង Deir Ammar និង Shadra ។ អ្នកដែលត្រូវបានចាប់ទាំងអស់នោះ ត្រូវបានបញ្ជូនទៅកាន់ស្ថាប័នតុលាការពាក់ព័ន្ធដើម្បីធ្វើការស៊ើបអង្កេតបន្ត។
យោងតាមទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ លីបង់ គឺជាប្រទេសដែលបានទទួលយកចំនួនជនភៀសខ្លួនច្រើនបំផុត នៅលើពិភពលោក ដោយរដ្ឋាភិបាលលីបង់ប៉ាន់ស្មានថា ជនភៀសខ្លួនស៊ីរី១,៥លាននាក់ រួមជាមួយនឹងជនភៀសខ្លួនជនជាតិផ្សេងទៀតប្រហែល ១១,២៣៨នាក់ ដែលកំពុងរស់នៅ ក្នុងប្រទេសនេះ។