ប្រណាំងរថយន្ត៖ ជើងឯក F1 ពិភពលោក ៧សម័យ Lewis Hamilton បានបន្តដេញពិន្ទុប្រកៀកប្រកិតនឹងអ្នកនាំមុខគេកីឡាករហូឡង់ Max Verstappen ក្រោយឈ្នះការប្រកួត F1 នៅកាតាម្សិលមិញ។ កីឡាករអង់គ្លេស Lewis Hamilton គឺជាអ្នកឈ្នះក្នុងការប្រកួតប្រណាំងយកទីចេញដំណើរ ហើយក៏បាននាំមុខគេតាំងពីពេលចេញដំណើរដំបូងផងដែរ ក្នុងការប្រកួតនៅយប់ថ្ងៃអាទិត្យ។

គ្មាននរណាអាចតាមទាន់ឡើយ Hamilton បានរក្សាការនាំមុខរហូតដល់ទីព្រ័ត្រ ស្របពេលគូប្រជែង Max Verstappen របស់ក្រុម Red Bull ត្រូវពិន័យកាត់ចំណាតថ្នាក់ដល់ទៅ ៥ នោះក៏បានពុះពារហូតបានលេខ ២ ក្នុងការប្រកួត ខណៈកីឡាករអេស្ប៉ាញអតីតជើងឯកពិភពលោក Fernando Alonso របស់ក្រុម Alpine Racing ទទួលបានចំណាត់ថ្នាក់លេខ ៣។ ចំណាត់ថ្នាក់លេខ ៣ នេះគឺជាការឈរលើវេទិកាកិត្តិយសលើកដំបូងសំរាប់ Fernando Alonso គិតតាំងពីឆ្នាំ២០១៤ នៅប្រទេសហុងគ្រី។ សរុបពិន្ទុក្នុងតារាងជើងឯកពិភពលោកនៅពេលនេះ Max Verstappen នៅតែបន្តនាំមុខដដែលតែកាត់បន្ថយការនាំមុខមកត្រឹម ៨ពិន្ទុប៉ុណ្ណោះខណៈការប្រកួតនៅសល់តែ ២ទីលានទៀតប៉ុណ្ណោះនឹងចប់រដូវកាល ពោលគឺទីលានបន្ទាប់នៅអារ៉ាប៊ីសាអ៊ូឌីតដើមខែក្រោយ និងទីលានចុងក្រោយនៅអារ៉ាប់រួម៕
អត្ថបទ៖នាង សុភាវុធ