អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បានបើកដំណើរការមូលនិធិសប្បុរសធម៌ឥស្លាម ដែលជាគំនិតផ្តួចផ្តើមថ្មីមួយ ដើម្បីគាំទ្រសហគមន៍ដែលងាយរងគ្រោះបំផុត នៅក្នុងពិភពលោក នៅការិយាល័យអង្គការសហប្រជាជាតិ នៅក្នុងទីក្រុងរីយ៉ាដនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
ចំពេលមានវិបត្តិកាន់តែខ្លាំងឡើង និងការផ្លាស់ទីលំនៅកើនឡើង អង្គការនេះ កំពុងបង្កើតវិធីច្នៃប្រឌិតថ្មី ដើម្បីផ្តល់ជំនួយសង្គ្រោះអាយុជីវិតដល់មនុស្សជាង ៧៥លាននាក់ ដែលរងផលប៉ះពាល់ដោយជម្លោះ គ្រោះមហន្តរាយ និងអសន្តិសុខ។
ព្រឹត្តិការណ៍នេះ មានការចូលរួមពីតំណាងជាន់ខ្ពស់មកពីអង្គការសហប្រតិបត្តិការឥស្លាម ធនាគារអភិវឌ្ឍន៍ឥស្លាម អ្នកការទូត ទីភ្នាក់ងារអង្គការសហប្រជាជាតិ អ្នកពាក់ព័ន្ធផ្នែកឯកជន និងអង្គការសប្បុរសធម៌ឥស្លាមឈានមុខគេ។
លោកស្រី Amy Pope អគ្គនាយកនៃអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បាននិយាយថា៖«ដោយ វិបត្តិដ៏ស្មុកស្មាញនាពេលបច្ចុប្បន្ននេះ ធ្វើឲ្យមនុស្សជាច្រើនផ្លាស់ទីលំនៅ និងបណ្តាលឲ្យមានការឈឺចាប់ដ៏ធំធេង នេះគឺជារឿងសំខាន់សម្រាប់អង្គការសប្បុរសធម៌ឥស្លាម ក្នុងការជួយសម្រាលការលំបាក ផ្តល់អំណាចដល់សហគមន៍ និងការពារសេចក្តីថ្លៃថ្នូររបស់មនុស្ស»។
លោកស្រី បានបន្ថែមថា មូលនិធិនេះ បម្រើជា «កម្មវិធីដែលអាចទុកចិត្តបានសម្រាប់ប្រជាជនមូស្លីមទូទាំងពិភពលោក ដើម្បីបង្កើនឥទ្ធិពលនៃការរួមចំណែករបស់ពួកគេ»។