ក្រសួងការបរទេសអាល់ហ្សេរី កាលពីថ្ងៃពុធបានថ្កោលទោសការសម្រេចចិត្តរបស់ប្រទេសបារាំង ក្នុងការរឹតត្បិតការធ្វើដំណើរលើអ្នកកាន់លិខិតឆ្លងដែនផ្នែកការទូតរបស់ប្រទេសអាល់ហ្សេរី ដោយចាត់ទុកថា វាបានរំលោភលើកិច្ចព្រមព្រៀងទ្វេភាគី និងបានព្រមានអំពី «ចំណាត់ការតឹងរ៉ឹង និងធ្វើឡើងភ្លាមៗ»។
ក្រសួង បានថ្កោលទោសចំណាត់ការនេះថា «មិននឹកស្មានដល់និងមិនសមហេតុផល» ដោយបាននិយាយថា វាបានរំលោភលើមាត្រាទី៨ នៃកិច្ចព្រមព្រៀងទ្វេភាគី ដែលតម្រូវឱ្យមានការពិគ្រោះយោបល់ជាមុន លើការលើកលែងទិដ្ឋាការរបស់អ្នកការទូត។ ក្រសួង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ថា «អាជ្ញាធររបស់ប្រទេសអាល់ហ្សេរី ពុំត្រូវបានជូនដំណឹងជាមុន ដូចដែលត្រូវបានកំណត់ដោយកិច្ចព្រមព្រៀងទៅវិញទៅមក»។
ក្រសួងបានចោទប្រកាន់ប្រទេសបារាំងថា កំពុងធ្វើឲ្យមានសម្ពាធនយោបាយក្នុងស្រុក រួមទាំងឥទ្ធិពលស្តាំនិយមជ្រុល និងបានព្រមានប្រឆាំងការអូសប្រទេសអាល់ហ្សេរីឲ្យធ្លាក់ទៅក្នុង «ជម្លោះផ្ទៃក្នុងរបស់ប្រទេសបារាំង» ។
ចំណាត់ការ ដែលត្រូវបានប្រកាសដោយរដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានកំណត់លើការចូលនិងធ្វើដំណើរនៅក្នុងប្រទេសបារាំងសម្រាប់មន្ត្រីប្រទេសអាល់ហ្សេរី ដែលកាន់លិខិតឆ្លងដែនការទូត ឬសេវាកម្ម។
ជម្លោះនេះ កើតមានឡើងក្នុងពេលមានភាពតានតឹងជាយូរមកហើយ ជុំវិញការធ្វើអន្តោប្រវេសន៍។ ទីក្រុងប៉ារីស បានចោទប្រកាន់ប្រទេសអាល់ហ្សេរីដដែលៗពីការបដិសេធមិនធ្វើមាតុភូមិនិវត្តន៍ជនជាតិអាល់ហ្សេរី ដែលត្រូវបានបណ្តេញចេញពីប្រទេសបារាំង រួមទាំងអ្នកមានឥទ្ធិពលសញ្ជាតិបារាំង-អាល់ហ្សេរីដែលកំពុងប្រឈមនឹងការកាត់ទោសពីបទញុះញង់ឱ្យមានអំពើហិង្សា។