នៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃ កាលពីថ្ងៃពុធ (ទី២៦ ខែកុម្ភៈ) លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសស៊ីរី បានបំពានច្បាប់អន្តរជាតិ និងធ្វើឲ្យខូចដល់ស្ថិរភាព ក្នុងតំបន់។
គួរបញ្ជាក់ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានកើនឡើងយ៉ាងខ្លាំងក្លា នៅភាគខាងត្បូងស៊ីរី កាលពីយប់ថ្ងៃអង្គារ (ទី២៥ ខែកុម្ភៈ) ដោយបានកំណត់គោលដៅលើទីតាំងយោធាជាច្រើនកន្លែង ពោលគឺកើតឡើងបន្ទាប់ពីមានការថ្លែងសុន្ទរកថាថ្មីៗនេះរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលអំពាវនាវឲ្យគ្មានយោធា នៅភាគខាងត្បូងស៊ីរី។

ជាមួយគ្នានេះ លោក Dujarric ក៏បានសម្តែងក្ដីបារម្ភ អំពីការវាយប្រហារថ្មីៗនេះរបស់អ៊ីស្រាអែល នៅភាគខាងត្បូងស៊ីរី។ លោកបាននិយាយថា UN គាំទ្របូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ស៊ីរី ខណៈដែលថ្កោលទោស ចំពោះវត្តមានយោធារបស់អ៊ីស្រាអែល នៅក្នុងប្រទេសនេះ។
ហើយលោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរពរាល់កាតព្វកិច្ចផ្លូវច្បាប់ ក្រោមច្បាប់អន្តរជាតិ ខណៈសកម្មភាពរបស់អ៊ីស្រាអែលបំពានលើស្ថិរភាព ក្នុងតំបន់៕

