ប្រទេសជប៉ុន បានប្រាប់សមភាគី G20 (ក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង២០) របស់ខ្លួនថា ពាណិជ្ជកម្មដោយសេរី បើកចំហ និងផ្អែកលើច្បាប់ មានសារៈសំខាន់ណាស់ ក្នុងការជួយគាំទ្រដល់កំណើនសេដ្ឋកិច្ចពិភពលោក។ នេះបើតាមការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់ក្រសួងហិរញ្ញវត្ថុ ដែលបានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅកិច្ចប្រជុំនៃមេដឹកនាំហិរញ្ញវត្ថុរបស់ប្លុកនេះ កាលពីថ្ងៃពុធ (ទី២៦ ខែកុម្ភៈ)។
ជាមួយគ្នានេះ អមដោយការព្រមានពីភាពមិនច្បាស់លាស់នៃគោលនយោបាយជះឥទ្ធិពលអវិជ្ជមាន ដែលអាចមានលើសកម្មភាពវិស័យឯកជន មន្ត្រីរូបនោះ បានប្រាប់ទៀតថា ប្រទេសជប៉ុន ក៏បានអំពាវនាវផងដែរដល់សមាជិក G20 ឲ្យប្រកាន់យកគោលនយោបាយសេដ្ឋកិច្ច «ដែលអាចទទួលយកបានកម្រិតខ្ពស់» ហើយពិចារណាថា គោលនយោបាយរបស់ខ្លួន អាចជះឥទ្ធិពលលើប្រទេសដទៃទៀត។
មន្ត្រីរូបនេះ បានធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីបានចូលរួមថ្ងៃដំបូងនៃការជួបប្រជុំរបស់មេដឹកនាំហិរញ្ញវត្ថុ G20 នៅទីក្រុង Cape Town ប្រទេសអាហ្វ្រិកខាងត្បូង។
រដ្ឋមន្ត្រីហិរញ្ញវត្ថុមួយចំនួន បានរំលងការជួបប្រជុំរបស់ G20 នេះ ហើយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត បានកាត់បន្ថយការធ្វើដំណើរទៅកិច្ចប្រជុំដែលគ្របដណ្ដប់ទៅដោយការជជែកតវ៉ាគ្នា ពាក់ព័ន្ធនឹងបញ្ហាសំខាន់ៗជាច្រើន ដូចជាអាកាសធាតុ បំណុល និងវិសមភាពជាដើម។
លើសពីនោះទៀត អវត្ដមានរបស់រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានផ្ដល់ភាពស្មុគស្មាញដល់ភារកិច្ចរបស់អ្នកបង្កើតគោលនយោបាយ ក្នុងការស្វែងរកតម្រុយ ជុំវិញថា តើការគំរាមកំហែងរបស់ក្រុងវ៉ាស៊ីនតោន ក្នុងការយកពន្ធខ្ពស់ អាចប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក និងទីផ្សារហិរញ្ញវត្ថុយ៉ាងដូចម្ដេច៕