ទីភ្នាក់ងារសារព័ត៌មាន WAFA បានរាយការណ៍ថា អាជ្ញាធរអ៊ីស្រាអែល បានដោះលែងមនុស្ស ៤២នាក់ពីក្រុមអ្នកទោសប៉ាឡេស្ទីនទី៧ និងក្រុមចុងក្រោយ ដែលជាផ្នែកនៃដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងឈប់បាញ់ នៅតំបន់ហ្កាហ្សាស្ទ្រីប។
យោងតាមសារព័ត៌មាននេះ មនុស្សចំនួន ៣៧នាក់ បានមកដល់រដ្ឋធានីរដ្ឋបាលនៃដែនដីប៉ាឡេស្ទីន នៅលើតំបន់វេសបែង ទីក្រុងរ៉ាម៉ាឡា។ ចំណែកមនុស្ស ៥នាក់ទៀត ត្រូវបានគេនាំទៅកាន់ទីក្រុងហ្ស៊េរុយសាឡិម។
នាពេលមុននេះ បណ្តាញទូរទស្សន៍អារ៉ាប់ បានបង្ហាញវីដេអូដែលបង្ហាញពីរបៀបដែលរថយន្តក្រុងជាកម្មសិទ្ធិរបស់គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម បានមកដល់ទីក្រុងរ៉ាម៉ាឡា ជាកន្លែងដែលបហ្វូងមនុស្សមកជួបជុំគ្នា។
ក្រុមទី៧ រួមមានជនជាតិប៉ាឡេស្ទីន ៦៤១នាក់ ក្នុងនោះ១៥១នាក់ ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ក៏ដូចជាអ្នកស្រុកតំបន់ហ្កាហ្សាចំនួន ៤៤៥នាក់ ក្នុងនោះមានស្ត្រី៤៥នាក់ និងកុមារ ដែលត្រូវបានចាប់ខ្លួន បន្ទាប់ពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ នៅពេលដែលក្រុមសកម្មប្រយុទ្ធមកពីដែនដីប៉ាឡេស្ទីន បានធ្វើការវាយប្រហារលើទឹកដីអ៊ីស្រាអែល អមដោយការសម្លាប់មនុស្សនៅកន្លែងតាំងទីលំនៅព្រំដែន និងចាប់ចំណាប់ថ្នូរជាច្រើននាក់។