អ្នកការទូតរុស្ស៊ី និងអាមេរិក បានជួបប្រជុំគ្នា នៅប្រទេសទួរគី នៅថ្ងៃព្រហស្បតិ៍នេះ សម្រាប់កិច្ចពិភាក្សាដើម្បីដោះស្រាយជម្លោះលើការងាររបស់ស្ថានទូតរៀងៗខ្លួន ក្នុងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ ដែលជាការសាកល្បងដំបូងនៃសមត្ថភាពរបស់ពួកគេ ក្នុងការស្តារទំនាក់ទំនងកាន់តែទូលំទូលាយ និងធ្វើការឆ្ពោះទៅរកការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។
វិមានក្រឹមឡាំងកាលពីឆ្នាំមុន បានពណ៌នាទំនាក់ទំនងនេះថា «ក្រោមសូន្យ» នៅក្រោមរដ្ឋបាលរបស់លោក ចូ បៃដិន (Joe Biden)ដែលបានគាំទ្រអ៊ុយក្រែនជាមួយជំនួយ និងអាវុធ និងបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើប្រទេសរុស្ស៊ី ដើម្បីដាក់ទោសប្រទេសនេះ ជុំវិញការលុកលុយឆ្នាំ ២០២២របស់ខ្លួន។
ប៉ុន្តែអ្នកស្នងតំណែងរបស់លោក បៃដិន គឺលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានគាំទ្រគោលនយោបាយនោះ ហើយបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ចាប់តាំងពីចូលកាន់តំណែង កាលពីខែមុន ដើម្បីបើកកិច្ចចរចា ជាមួយទីក្រុងមូស្គូ ដោយបានប្តេជ្ញាថា នឹងបំពេញការសន្យាម្តងហើយម្តងទៀតរបស់លោក ក្នុងការបញ្ចប់សង្រ្គាមនេះ ឲ្យបានឆាប់។
កិច្ចពិភាក្សានៅទីក្រុងអ៊ីស្តង់ប៊ុល បានធ្វើឡើង បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរវាងលោក ត្រាំ និងលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) កាលពីថ្ងៃទី ១២ ខែកុម្ភៈ និងកិច្ចប្រជុំការទូតកម្រិតខ្ពស់ នៅប្រទេសអារ៉ាប៊ីសា អ៊ូឌីត រយៈពេល ៦ថ្ងៃ ក្រោយមក។