ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃពុធ បានចោទប្រកាន់អ៊ីស្រាអែលថា បានបង្ហាញពីការមិនគោរពសិទ្ធិមនុស្ស ដែលមិនធ្លាប់មានពីមុនមក ក្នុងសកម្មភាពយោធារបស់ខ្លួន នៅក្នុងតំបន់ហ្កា ហ្សា ហើយបាននិយាយថា ក្រុមហាម៉ាស បានបំពានច្បាប់អន្តរជាតិ។
លោក Volker Turk បាននិយាយនៅពេលបង្ហាញរបាយការណ៍ថ្មីស្តីពីស្ថានភាពសិទ្ធិមនុស្ស នៅហ្កាហ្សា តំបន់វេសបែង ដែលគ្រប់គ្រងដោយអ៊ីស្រាអែល និងទីក្រុងហ្ស៊េរុយសាឡិមខាងកើត ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវថា៖«គ្មានអ្វីបង្ហាញអំពីភាពត្រឹមត្រូវនៃអាកប្បកិរិយាដ៏គួរឲ្យភ័យខ្លាច ដែលអ៊ីស្រាអែល បានធ្វើប្រតិបត្តិការយោធារបស់ខ្លួន នៅក្នុងតំបន់ហ្កាហ្សា ដែលបំពានច្បាប់អន្តរជាតិឥតឈប់ឈរ។
របាយការណ៍របស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ក៏បានចោទប្រកាន់ក្រុមហាម៉ាសផងដែរ ពីការរំលោភយ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ មក។
លោក Turk បាននិយាយថា៖«ក្រុមហាម៉ាស បានបាញ់មីស៊ីលតាមអំពើចិត្ត ចូលទៅក្នុងទឹកដីអ៊ីស្រាអែល ដែលស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម»។
យុទ្ធជនដឹកនាំដោយក្រុមហាម៉ាស បានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ចំណាប់ខ្មាំងជាង ២៥០ នាក់ នៅក្នុងការវាយប្រហារមួយ នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣។ នេះបើយោងតាមចំនួនសរុបរបស់អ៊ីស្រាអែល។ ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលបានធ្វើតំបន់ហ្កាហ្សារងការខូចខាតស្ទើរតែទាំងស្រុង ហើយបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤៨.000 នាក់។ នេះបើយោងតាមមន្ត្រីសុខាភិបាលនៃដែនដីនេះ។