គណបក្សកណ្តាលនិយមធំៗទាំង៣ របស់ប្រទេសអូទ្រីស នៅក្នុងរដ្ឋសភា បានឈានដល់កិច្ចព្រមព្រៀង ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ ដោយគ្មានក្រុមស្តាំនិយមជ្រុល គឺគណបក្សសរីភាព (FPO) ហើយគ្រោងនឹងបង្ហាញរដ្ឋាភិបាលថ្មីនេះ នៅយប់ថ្ងៃព្រហស្បតិ៍ (ទី២៧ ខែកុម្ភៈ) នេះ ដោយដំណើរស្រុះស្រួលគ្នានេះ កើតមានឡើងក្នុងរយៈពេល ៥ខែ បន្ទាប់ពីបក្ស FPO បានឈ្នះការបោះឆ្នោតសភា នាពេលកន្លងទៅ។
កិច្ចព្រមព្រៀងនេះ គួរតែបានបញ្ចប់នូវការរង់ចាំដ៏យូរបំផុតជាលើកដំបូង សម្រាប់ការមានរដ្ឋាភិបាលថ្មី ក្នុងប្រទេសអូទ្រីស គិតចាប់តាំងពីសង្គ្រាមលោកលើកទី២ មក។ ការប៉ុនប៉ងដំបូង ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ ដោយមានគណបក្សចំនួន ៣ ដូចគ្នា បានដួលរលំនៅក្នុងខែមករា ជាពេលដែលគណបក្ស FPO ដែលមិនគាំទ្រអឺរ៉ុប និងលម្អៀងទៅរុស្ស៊ី ត្រូវបានប្រគល់ភារកិច្ចឲ្យបង្កើតរដ្ឋាភិបាល ប៉ុន្តែក៏មិនជោគជ័យដូចគ្នាដែរ។
គណបក្សអភិរក្សនិយម គឺប្រជាជន (OVP) សង្គមប្រជាធិបតេយ្យ (SPO) និងបក្សសេរីនិយម Neos បានប្រាប់ឲ្យដឹងថា គណបក្សទាំង៣ នឹងចេញកម្មវិធីរដ្ឋាភិបាលរួមគ្នារបស់ខ្លួន នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅវេលាម៉ោង ១១ព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ១ ម៉ោងសកល)។
រដ្ឋាភិបាល ៣គណបក្ស ដែលជារដ្ឋាភិបាលដំបូងរបស់ប្រទេសអូទ្រីស ចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ១៩៤០ ត្រូវបានគេរំពឹងថា នឹងចូលកាន់តំណែង នាសប្តាហ៍ក្រោយ ដោយអាស្រ័យលើភាគីទាំងអស់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ តែឧបសគ្គចម្បង នោះគឺការបោះឆ្នោតដោយសមាជិករបស់គណបក្ស Neos នៅថ្ងៃអាទិត្យ ដែលតម្រូវឲ្យមានសំឡេងភាគច្រើន ២ភាគ៣៕