សេតវិមាន កាលពីថ្ងៃពុធ (ទី២៦ ខែកុម្ភៈ) បានរារាំងអ្នកសារព័ត៌មានទៅពីទីភា្នក់ងារសារព័ត៌មាន Reuters និងស្ថាប័នព័ត៌មានផ្សេងទៀត មិនឲ្យចូលទៅកាន់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដោយស្របតាមគោលនយោបាយថ្មីរបស់រដ្ឋបាលនេះ ទាក់ទងនឹងការធ្វើសេចក្ដីរាយការណ៍ព័ត៌មាន។
ជាមួយគ្នានេះ សេតវិមានបានបដិសេធមិនឲ្យចូលផងដែរ សម្រាប់អ្នកថតរូបរបស់សារព័ត៌មាន Associated Press (AP) និងអ្នកសារព័ត៌មាន ៣នាក់ ទៅពីសារព័ត៌មាន Reuters, HuffPost និង Der Tagesspiegel របស់អាល្លឺម៉ង់។ តែបុគ្គលិកទូរទស្សន៍មកពីប្រព័ន្ធផ្សព្វផ្សាយ ABC និង Newsmax រួមជាមួយនឹងអ្នកឆ្លើយឆ្លងព័ត៌មានមកពី Axios, the Blaze, Bloomberg News និង NPR ទទួលបានការអនុញ្ញាតិឲ្យរាយការណ៍ពីព្រឹត្តិការណ៍នេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ (ទី២៥ ខែកុម្ភៈ) រដ្ឋបាលរបស់លោក Trump បានប្រកាសថា សេតវិមាននឹងកំណត់ថា តើប្រព័ន្ធផ្សព្វផ្សាយណាខ្លះ នឹងបានរាយការណ៍ពីសកម្មភាពរបស់ប្រធានាធិបតី នៅក្នុងទីកន្លែងតូចៗបែបនេះ ដូចជានៅការិយាល័យ Oval Office ជាដើម។
អ្នកនាំពាក្យមានសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា ទោះបីជាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី នឹងនៅតែត្រូវបានអនុញ្ញាតឲ្យរាយការណ៍ពីសកម្មភាពរបស់លោក Trump ពីមួយថ្ងៃទៅមួយថ្ងៃ ក៏រដ្ឋបាលគ្រោងនឹងផ្លាស់ប្តូរអ្នកដែលត្រូវបានចូលរួមនៅក្នុងទីកន្លែងតូចៗ៕

