ទិន្នន័យពីរដ្ឋាភិបាលជប៉ុនបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា អត្រាបង្កកំណើតកូនជប៉ុន បានធ្លាក់ចុះទាបបំផុតក្នុងឆ្នាំ ២០២៤សម្រាប់រយៈពេល ៩ឆ្នាំជាប់ៗគ្នា ។
អំឡុងសន្និសីទសារព័ត៌មាននាថ្ងៃព្រហស្បតិ៍នេះ លោក Yoshimasa Hayashi គឺជាអ្នកនាំពាក្យរដ្ឋាភិបាលជ៉ុន និយាយថា ចំនួនទារកដែលបានកើតនៅក្នុងប្រទេសជប៉ុនកាលពីឆ្នាំមុន រួមទាំងទារកបរទេស មានចំនួន ៧២០.៩៨៨នាក់ ដែលជាចំនួនទាបបំផុតថ្មីជាប់កំណត់ត្រា ។
អត្រាកំណើតបានធ្លាក់ចុះចំនួន ៥ភាគរយ បើទោះបីជាមានវិធានការកាលពីឆ្នាំ ២០២៣ដោយរដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្រ្តីលោក Fumio Kishidaក៏ដោយ ដើម្បីជំរុញការបង្កកំណើតកូន ខណៈមនុស្សស្លាប់ជាប់កំណត់ត្រា ១,៦២លាននាក់ មានន័យថា មនុស្សជាង ២នាក់ បានស្លាប់ រាល់ទារកថ្មីកើតម្តង ។
បើទោះបីជាអត្រាកំណើតនៅប្រទេសជិតខាងកូរ៉េខាងត្បូងកើនឡើងក្នុងឆ្នាំ ២០២៤ជាលើកដំបូងក្នុងរយៈពេល ៩ឆ្នាំក៏ដោយ នៅប្រទេសជប៉ុន ពុំបានបង្ហាញសញ្ញាណាមួយនៃកំណើនការមានកូននោះដែរ ។
គួរឲ្យដឹងថា វិទ្យាស្ថានស្ថិតិកូរ៉េខាងត្បូង បានសម្តែងក្តីត្រេកអរយ៉ាងខ្លាំង ដោយបានប្រកាសដំណឹងពីអត្រាបង្កកំណើតកូន កើនខ្ពស់ នៅក្នុងឆ្នាំ២០២៤ ។ អត្រាបង្កកំណើតកើនឡើងខ្ពស់នេះ ជាចំណែកមួយនៃវិធានការរបស់ រដ្ឋាភិបាលទីក្រុងសេអ៊ូល ដែលបានជំរុញលើកទឹកចិត្តឲ្យប្រជាពលរដ្ឋនាំគ្នាបង្កើតកូន ។
ក្រុមអ្នកជំនាញនៅវិទ្យាស្ថានស្រាវជ្រាវជប៉ុន បាននិយាយថា ហេតុផលនៅពីក្រោយការធ្លាក់ចុះអត្រាបង្កកំណើតកូននៅប្រទេសជប៉ុន ដោយសារមានអាពាហ៍ពិពាហ៍តិចតួចក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បន្ទាប់ពីការរីករាលដាលឆ្លងសកលជំងឺ COVID-19 ៕