នៅថ្ងៃព្រហស្បតិ៍នេះ ជនអន្តោប្រវេសន៍និរទេសខ្លួនពីសហរដ្ឋអាមេរិក បានរង់ចាំការវិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ រយៈពេល ១ថ្ងៃ ក្រោយជើងហោះហើរដឹកជនអន្តោប្រវេសន៍និរទេសខ្លួន ចុះចតនៅប្រទេសអាមេរិកកណ្តាលមួយនេះ ។
ក្រសួងសន្តិសុខសាធារណៈប៉ាណាម៉ា បានជូនដំណឹងថា ជនអន្តោប្រវេសន៍និរទេស ៦៥នាក់ រួមទាំងអនីតិជន ១៦នាក់ បានធ្វើដំណើរមកដល់ជំរំស្នាក់នៅបណ្តោះអាសន្នដែលរៀបចំឡើងនៅតំបន់ព្រំដែនប៉ាណាម៉ា ។
លោក Abel Fernandez គឺជាជនអន្តោប្រវេសន៍មួយរូបមកពីប្រទេសវេណេស៊ុយអេឡា និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ច្រកព្រំដែនបានកកស្ទះសម្រាប់ជនអន្តោប្រវេសន៍ជាច្រើនដែលគ្មានមធ្យោបាយវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ ។
ចំណែកឯលោក Pedro Rafael Chirino ដែលជាជនអន្តោប្រវេសន៍វេណេស៊ុយអេឡាមួយរូបទៀត និយាយថា លោកបានសម្រេចចិត្តដាក់ពាក្យសុំសិទ្ធិជ្រកកោននៅប្រទេសកូស្តារីកា ដោយសារលោកគ្មានមធ្យោបាយវិលត្រឡប់ទៅផ្ទះវិញ ។
សារព័ត៌មានក្នុងស្រុក រាយការណ៍ថា ជើងហោះហើរទី ២ បានចាកចេញពីទីក្រុង San Antonio រដ្ឋ Texas សហរដ្ឋអាមេរិក ហើយនិងរួមមានជនអន្តោប្រវេសន៍មកពីរុស្ស៊ី ចិន និងវៀតណាម ។
សូមបញ្ជាក់ថា កូស្តារីកា ស្ថិតនៅក្នុងចំណោមប្រទេសនៅអាមេរិកឡាទីន ដែលបានយល់ព្រមជាមួយរដ្ឋបាលរបស់លោក Trumpក្នុងការទទួលយកជនអន្តោប្រវេសន៍និរទេសខ្លួន មុនពេលបញ្ជូនពួកគេទៅកាន់ប្រទេសកំណើតវិញ ៕