វិមានក្រឹមឡាំង នៅថ្ងៃព្រហស្បតិ៍ (ទី២៧ ខែកុម្ភៈ) បានប្រាប់ឲ្យដឹងថា ខ្លួនជឿថា ការពិភាក្សា ជាមួយសហរដ្ឋអាមេរិក គួរតែបន្តទៅមុខ រហូតទាល់តែមានឆន្ទៈនយោបាយពីភាគីទាំងសងខាង និងការត្រៀមស្តាប់គ្នាទៅវិញទៅមក ប៉ុន្តែបានបញ្ជាក់ថា គ្មាននរណាម្នាក់ រំពឹងពីការមានដំណោះស្រាយរហ័ស និងងាយស្រួលនោះទេ។
វិមានក្រឹមឡាំង បានធ្វើអត្ថាធិប្បាយបែបនេះ ស្របពេលដែលអ្នកការទូតរុស្ស៊ី និងសហរដ្ឋអាមេរិក បានជួបប្រជុំគ្នា នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី ដើម្បីធ្វើការពិភាក្សា ក្នុងគោលបំណងដោះស្រាយជម្លោះដ៏រ៉ាំរ៉ៃ ពាក់ព័ន្ធនឹងបេសកកម្មការទូតរៀងៗខ្លួន ជាអ្វីដែលជាការសាកល្បងដំបូងនៃសមត្ថភាពរបស់ប្រទេសទាំង២ ក្នុងការកំណត់ឡើងវិញនូវទំនាក់ទំនងកាន់តែទូលំទូលាយ និងធ្វើការឆ្ពោះទៅរកការបញ្ចប់ជម្លោះ នៅប្រទេសអ៊ុយក្រែន។
អំឡុងពេលនិយាយទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃពុធ (ទី២៦ ខែកុម្ភៈ) លោក Trump បាននិយាយថា ប្រទេសរុស្ស៊ីនឹងត្រូវធ្វើ «សម្បទាន» ដែនដី ក្នុងការចរចានាពេលខាងមុខ ជាមួយអ៊ុយក្រែន ប៉ុន្តែថា ទីក្រុងគីវ «អាចត្រូវបំភ្លេចចោល» នូវការចង់ចូលរួមជាមួយសម្ព័ន្ធមិត្តណាតូ។
នៅពេលត្រូវបានសួរ អំពីការអត្ថាធិប្បាយរបស់លោក Trump អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា៖ «អ្វីដែលយើងកំពុងឃើញ គឺថា លោកប្រធានាធិបតី Trump និយាយពីការយល់ឃើញផ្ទាល់ខ្លួនរបស់លោក ហើយត្រៀមស្តាប់អ្នកដទៃផង»។
លោក Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «គ្មាននរណាម្នាក់រំពឹងថា ដំណោះស្រាយនឹងកើតមានឡើងដោយងាយស្រួល និងឆាប់រហ័សនោះទេ។ បញ្ហា នាពេលនេះ គឺស្មុគស្មាញណាស់ ហើយត្រូវបានគេមើលរំលង។ ប៉ុន្តែជាមួយនឹងឆន្ទៈនយោបាយរបស់ប្រទេសទាំង២ ជាមួយនឹងឆន្ទៈ ក្នុងការព្រមស្តាប់គ្នាទៅវិញទៅមក ខ្ញុំគិតថា យើងនឹងអាចឆ្លងកាត់ដំណើរការការងារនេះបានជាមិនខាន»៕