ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ២០២១ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួរលើសំណុំរឿងរបស់ជនត្រូវចោទដែលជាជនជាតិចិន៣នាក់ បន្ទាប់ពីកម្លាំង នគរបាលក្រសួងមហាផ្ទៃ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ « ពាក់ព័ន្ធការបង្ខាំងជនជាតិថៃចំនួន៩៩នាក់ ដើម្បីជម្រិតទារប្រាក់» បន្ទាប់ពីត្រូវបានមេខ្យល់បោកពួកគេមកធ្វើការឱ្យក្រុមហ៊ុនលក់ផលិតផលតាមអនឡាញ មួយស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
គួររំលឹកថា លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា បានបញ្ជាក់ថា ជនជាតិចិនចំនួន៣នាក់ នឹងត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ បន្ទាប់ពីពួកគេត្រូវបាន សមត្ថកិច្ចរកឃើញពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសក្នុងចំណោមជនជាតិចិនចំនួន៧៧នាក់។
លោកឧត្តមសេនីយ៍ បញ្ជាក់ទៀតថា កាលពីថ្ងៃទី១៨វិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញក្រសួងមហាផ្ទៃ បានធ្វើប្រតិបត្តិការបង្ក្រាបក្រុមជនជាតិចិនមួយក្រុម នៅក្នុងផ្ទះមួយកន្លែង ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានរំដោះជនជាតិថៃបានសរុប៩៩នាក់ ប៉ុន្តែជនជាតិថៃទាំងនោះ សុទ្ធតែចូលមកប្រទេសកម្ពុជា ដើម្បីបំពេញការងារដោយខុសច្បាប់។ ហេតុដូច្នេះ សមត្ថកិច្ចជំនាញ បានចាប់ខ្លួនពួកគេប្រគល់ឲ្យផ្នែកអន្តោប្រវេសន៍កម្ពុជា។
បច្ចុប្បន្នជនត្រូវចោទទាំង៣នាក់ កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយរងចាំការចោទប្រកាន់ នឹងបញ្ជូនទៅចៅក្រមស៊ើបសួរបន្តនីតិវិធី៕
អត្ថបទ ៖ កុម្ភះ




