ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa នៅថ្ងៃព្រហស្បតិ៍ (ទី២៧ ខែកុម្ភៈ) នេះ បាននិយាយថា លោកបានអញ្ជើញប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសរបស់មេដឹកនាំសហភាពអឺរ៉ុប (EU) នៅថ្ងៃទី៦ ខែមីនា ដើម្បីពិភាក្សាអំពីការគាំទ្រនាពេលខាងមុខ សម្រាប់ប្រទេសអ៊ុយក្រែន។
នៅក្នុងលិខិតអញ្ជើញទៅកាន់បណ្ដាមេដឹកនាំ EU លោក Costa បានប្រាប់ថា៖ «សហភាពអឺរ៉ុប និងរដ្ឋជាសមាជិក បានត្រៀមរួចជាស្រេច ក្នុងការទទួលខុសត្រូវបន្ថែមទៀត សម្រាប់សន្តិសុខរបស់អឺរ៉ុប»។
លោកបានបន្ថែមក្នុងលិខិតនោះថា៖ «ដូច្នេះ យើងគួរតែត្រៀមខ្លួន សម្រាប់ការរួមចំណែកដែលអាចធ្វើទៅបានរបស់អឺរ៉ុប ចំពោះការធានាសន្តិសុខដែលនឹងចាំបាច់ ដើម្បីធានាឲ្យមានសន្តិភាពយូរអង្វែង នៅអ៊ុយក្រែន»។
ជាមួយគ្នានេះ លោក Costa ដែលជាប្រធានកិច្ចប្រជុំកំពូលរបស់ EU បានបញ្ជាក់ថា លោកមានបំណង ដើម្បីឲ្យមាននូវការសម្រេចដែលនឹងធ្វើឲ្យសហភាពអឺរ៉ុប «កាន់តែមានលទ្ធភាពខ្ពស់ឡើងៗ ក្នុងការដោះស្រាយជាមួយនឹងបញ្ហាប្រឈមភ្លាមៗ និងនាពេលអនាគត ដែលប៉ះពាល់ដល់សន្តិសុខរបស់ប្លុក»៕