ក្រុមមន្រ្តីសន្តិសុខថៃ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា កងកម្លាំងឆ្មាំព្រំដែនមីយ៉ាន់ម៉ា បានឃាត់ខ្លួនជនបរទេសជាង ៧.១០០នាក់ មកពី ២៨ប្រទេស ដែលបានជាប់ខ្លួន ក្រោយការបោសសម្អាតពហុជាតិលើទីតាំងជាច្រើនកន្លែងដែលគ្រប់គ្រងដោយក្រុមអន្ធពលនៅទីក្រុង Myawaddy សហភាពមីយ៉ាន់ម៉ា ។
រូបភាពវីដេអូឃ្លីបឃើញ ជនបរទេសត្រូវបានជួយសង្រ្គោះ រួមទាំងជនជាតិចិន ៤.៨៦០នាក់ ជនជាតិវៀតណាម ៥២៦នាក់ និងជនបរទេសជាង ៥០០នាក់ផ្សេងទៀត មកពីបណ្តាប្រទេសនៅអាហ្វ្រិក ។
មន្រ្តីមួយរូបនិយាយថា មីយ៉ាន់ម៉ានឹងបញ្ជូនជនជាតិឥណ្ឌូនេស៊ី ៩៤នាក់ទៅកាន់ប្រទេសថៃនៅថ្ងៃព្រហស្បតិ៍នេះ ។ ពួកគេនឹងត្រូវដឹកតាមរថយន្តក្រុងទៅកាន់អាកាយានដ្ឋានថៃ មុនពេលឡើងយន្តហោះវិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ ។
នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ក្រុមអាជ្ញាធរចិន ថៃ និងមីយ៉ាន់ម៉ា បានព្យាយាមបោសសម្អាតមជ្ឈមណ្ឌលឆបោក និងប្រតិបត្តិការខុសច្បាប់តាមអនឡាញ នៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា ៕

