លោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃព្រហស្បតិ៍២៧កុម្ភៈសប្ដាហ៍នេះ បាននិយាយថា ការដំឡើងពន្ធ ២៥ភាគរយលើទំនិញម៉ិកស៊ិក និងកាណាដា នឹងចូលជាធរមាននៅថ្ងៃទី៤ ខែមីនា រួមជាមួយនឹងពន្ធបន្ថែម១០ភាគរយលើការនាំចូលរបស់ចិន ដោយសារតែគ្រឿងញៀននៅតែហូរចូលសហរដ្ឋអាមេរិកពីប្រទេសទាំងនោះ។

លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងការិយាល័យប្រធានាធិបតី ថា ការដំឡើងពន្ធថ្មីលើការនាំចូលរបស់ចិននឹងបន្ថែមពីលើការដំឡើងពន្ធស្រាប់១០ភាគរយ ដែលលោកបានដាក់កាលពីថ្ងៃទី៤ ខែកុម្ភៈ ជុំវិញវិបត្តិគ្រឿងញៀន ហ្វង់តានីល ( fentanyl opioid) ដែលការដំឡើងពន្ធ អាចកើនឡើងដល់២០ភាគរយ។

លោក Trump បានប្រកាសជាលើកដំបូងអំពីការដំឡើងពន្ធថ្មីលើការនាំចូលរបស់ចិននៅក្នុងការបង្ហោះនៅលើបណ្ដាញសង្គម Truth Social របស់លោកថាលោកនឹងដំឡើងពន្ធបន្ថែម១០ ភាគរយដែលនឹងចូលជាធរមាននៅថ្ងៃទី ៤មីនា។

នៅក្នុងការប្រកាសនោះ លោក Trump បាននិយាយថាគ្រឿងញៀនហ្វង់តានីល នៅតែហូរចូលមកក្នុងសហរដ្ឋអាមេរិកក្នុងកម្រិត "ខ្ពស់ និងមិនអាចទទួលយកបាន"។
លោក Trump បានប្រាប់ក្រុមអ្នកយកព័ត៌មានថា លោកបានសម្រេចចិត្តដំឡើងពន្ធបន្ថែមលើប្រទេសចិន ហើយប្រកាន់ខ្ជាប់ដល់ថ្ងៃផុតកំណត់នៅថ្ងៃអង្គារសម្រាប់ប្រទេសកាណាដា និងម៉ិកស៊ិក ដោយបានផ្តល់ឱ្យនូវអ្វីដែលរដ្ឋបាលរបស់លោកមើលឃើញថាជាវឌ្ឍនភាពមិនគ្រប់គ្រាន់លើការទប់ស្កាត់លំហូរចូលសារធាតុញៀនហ្វង់តានីលមកក្នុងសហរដ្ឋអាមេរិក៕