គម្រោងដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិកនៅទូទាំងពិភពលោក រួមទាំងសេវាផ្តល់ការថែទាំសង្គ្រោះជីវិតសម្រាប់មនុស្សរាប់លាននាក់នៅក្នុងប្រទេសដូចជាស៊ូដង់ និងអាហ្វ្រិកខាងត្បូង បានទទួលការជូនដំណឹងអំពីការបញ្ចប់កិច្ចសន្យាការងារកាលពីថ្ងៃព្រហស្បតិ៍ (២៧ កុម្ភៈ) ដែលបានបញ្ជូនរលកដ៏រន្ធត់នៅទូទាំងសហគមន៍ជំនួយពិភពលោក។

ការលុបកិច្ចសន្យាចុងក្រោយនេះបានកើតឡើង ខណៈដែលរដ្ឋបាលរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ជិតបញ្ចប់ការត្រួតពិនិត្យឡើងវិញ ដើម្បីធានាថាការផ្តល់ជំនួយត្រូវនឹងស្របតាមរបៀបវារៈ "យកអាមេរិកជាធំ" របស់លោក បន្ទាប់ពីបានបញ្ជាឱ្យផ្អាករយៈពេល ៩០ថ្ងៃលើជំនួយបរទេសទាំងអស់ក្នុងខែមករា ដើម្បីវាយតម្លៃថា តើគម្រោងទាំងនោះស្របនឹងគោលដៅគោលនយោបាយរបស់ខ្លួនដែរឬទេ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានច្រានចោលក្ដីបារម្ភដែលថា ទីក្រុងវ៉ាស៊ីនតោនកំពុងបញ្ចប់ជំនួយបរទេស ដោយនិយាយថា ការលើកលែងត្រូវបានផ្តល់ដល់សេវាសង្គ្រោះជីវិត។

យ៉ាងណាមិញ ត្រឹមតែប៉ុន្មានសប្តាហ៍ក្រោយមក រដ្ឋបាលលោក Trump បានសម្រេចបញ្ចប់សេវាជាង ៩០% នៃកម្មវិធីអភិវឌ្ឍអន្តរជាតិរបស់ទីភ្នាក់ងារអាមេរិក ឬហៅថាអង្គការ USAID នេះបើយោងតាមឯកសាររបស់តុលាការកាលពីថ្ងៃទី២៥ ខែកុម្ភៈ។
ការបញ្ចប់ទាំងនោះរួមមានកម្មវិធីជាច្រើន ដែលដំបូងឡើយត្រូវបានលើកលែង ដូចជាការងារដោះស្រាយមេរោគអេដស៍ ក៏ដូចជាកម្មវិធីសុខភាពកាន់តែទូលំទូលាយ។ កម្មវិធីសុខភាពសំខាន់ៗជាច្រើនរបស់ UN ស្ថិតក្នុងចំណោមកម្មវិធីដែលទទួលបានការជូនដំណឹងបញ្ចប់កិច្ចសន្យា រួមទាំងកម្មវិធី UNAIDS កម្មវិធីភាពជាដៃគូបញ្ឈប់ជំងឺរបេង STBP និងកម្មវិធីបង្កើនអាហារូបត្ថម្ភ SUN ព្រមទាំងគម្រោងជួយជនភៀសខ្លួនដោយបង្ខំរាប់លាននាក់ជុំវិញពិភពលោក៕