អ៊ីស្រាអែល បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ២៧កុម្ភៈសប្ដាហ៍នេះថាខ្លួនកំពុងបញ្ជូនក្រុមអ្នកចរចាទៅកាន់ទីក្រុងគែរ(Cairo)ប្រទេសអេហ្ស៊ីបសម្រាប់កិច្ចពិភាក្សាស្វែងរកការបន្តដំណាក់កាលទីមួយនៃបទឈប់បាញ់ដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី១មីនា ក្នុងគោលបំណងធានាការដោះលែងចំណាប់ខ្មាំងបន្ថែមទៀត ខណៈនៅតែពុំទាន់មានកិច្ចព្រមព្រៀងដំណាក់កាលទី២ស្តីពីអនាគតហ្កាហ្សា។

សេចក្តីប្រកាសនេះបានធ្វើឡើងបន្ទាប់ពីក្រុមហាម៉ាសបានប្រគល់សាកសពចំណាប់ខ្មាំងបួននាក់ ដែលជាការប្រគល់ចុងក្រោយ ក្រោមលក្ខខណ្ឌនៃបទឈប់បាញ់ដំណាក់កាលដំបូងមានរយៈពេល៦សប្ដាហ៍ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៩ ខែមករា២០២៥។ ការពិភាក្សាដំណាក់កាលទីពីរដែលនឹងនាំទៅដល់ការបញ្ចប់សង្រ្គាមជាអចិន្ត្រៃយ៍ មិនទាន់ចាប់ផ្តើមនៅឡើយទេ។

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងហ្សេរុយសាឡឹមថា គណៈប្រតិភូនឹងធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៊ីប ដើម្បីមើលថាតើមានមូលដ្ឋានរួមក្នុងការចរចារលើការបន្តបទឈប់បាញ់ដែរឬទេ។
ប្រទេសរបស់លោកត្រៀមខ្លួនរួចរាល់ហើយក្នុងការធ្វើឱ្យក្របខ័ណ្ឌកាន់តែយូរដើម្បីនាំចំណាប់ខ្មាំងបន្ថែមទៀតត្រឡប់មកផ្ទះវិញ ។ ប្រសិនបើអាចទៅរួច ពួកលោកនឹងធ្វើ ។

មន្ត្រីរដ្ឋាភិបាលពីរនាក់បានប្រាប់សារព័ត៌មាន Reuters ថាអ៊ីស្រាអែលកំពុងស្វែងរកការបន្ថែមពេលវេលាដំណាក់កាលដំបូង ខណៈក្រុមហាម៉ាស បានដោះលែងចំណាប់ខ្មាំងបីនាក់ក្នុងមួយសប្តាហ៍ជាថ្នូរនឹងប្រជាជនប៉ាឡេស្ទីនត្រូវបានឃុំខ្លួនដោយអ៊ីស្រាអែល។
ភាគីជម្លោះពុំបានបញ្ជាក់ថានឹងមានអ្វីកើតឡើងលើសពីថ្ងៃសៅរ៍សប្ដាហ៍នេះទេ ក្រោយដំណាក់កាលទីមួយនៃបទឈប់បាញ់ត្រូវផុតកំណត់ដោយគ្មានការព្រមព្រៀង។ អេហ្ស៊ីប និងកាតា កំពុងសម្របសម្រួលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក៕