ទីក្រុងប៉េកាំងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថាការប៉ុនប៉ងរបស់សហរដ្ឋអាមេរិកដើម្បីសាបព្រួសភាពមិនចុះសម្រុងគ្នារវាងចិននិងរុស្ស៊ី "នឹងត្រូវបរាជ័យ" បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio ទំនងបង្ហាញពីយុទ្ធសាស្ត្ររបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការបំបែកទំនាក់ទំនងរវាងប្រទេសជិតខាងមានអាវុធនុយក្លេអ៊ែរទាំងពីរ។

ថ្លែងទៅកាន់សារព័ត៌មាន Breitbart News របស់សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ លោក Rubio បាននិយាយថា ប្រទេសរុស្ស៊ីដែលជា "ដៃគូអចិន្ត្រៃយ៍" ជាមួយប្រទេសចិននឹងបង្កបញ្ហាដល់សហរដ្ឋអាមេរិក ហើយមហាអំណាចនុយក្លេអ៊ែរទាំងពីរ នឹងរួមដៃគ្នាប្រឆាំងសហរដ្ឋអាមេរិក។

លោក Rubio បាននិយាយថាលោកមិនដឹងថាតើអាមេរិកនឹងទទួលបានជោគជ័យទាំងស្រុងក្នុងការ ពុះច្រៀកទំនាក់ទំនងរុស្ស៊ីជាមួយចិនបាន ឬអត់ទេ ខណៈលើកឡើងរុស្ស៊ីថា កំពុងពឹងផ្អែកកាន់តែខ្លាំង លើចិន។
លោក Rubio កំពុងឆ្លើយតបទៅនឹងសំណួរមួយថាតើកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីអាមេរិក Donald Trump ក្នុងការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនគឺស្រដៀងគ្នាទៅនឹងដំណើរទស្សនកិច្ចដ៏ល្បីល្បាញរបស់ប្រធានាធិបតីអាមេរិកទី៣៧លោក Richard Nixon ទៅកាន់ប្រទេសចិនកាលពីឆ្នាំ១៩៧២ ដែលមានគោលបំណងបំផ្លាញសត្រូវសង្គ្រាមត្រជាក់នៃសហភាពសូវៀត និងញែកទីក្រុងមូស្គូ និងទីក្រុងប៉េកាំងឲ្យឆ្ងាយពីគ្នា ឬយ៉ាងណា។

អ្នកការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិករូបនេះ បាននិយាយថា ទោះជាយ៉ាងណាក៏ដោយ វាមិនមែនជារឿងល្អសម្រាប់ប្រទេសចិន និងរុស្ស៊ី ក្នុងការធ្វើជាក្បាលម៉ាស៊ីនពិភពលោកឡើយ៕