កណ្តាល៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំបូកសរុបវឌ្ឍនភាពគម្រោងការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។
កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ និងមានការអញ្ជើញចូលរួមមកពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រុមការងារក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) និងសមាជិក សមាជិកាសរុបចំនួនជិត១០០នាក់។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពគម្រោងសាងសង់ស្ថានីយ៍អ្នកដំណើរនៃ TIA, ការរៀបចំទីតាំង (បញ្ជរ) និងប្រព័ន្ធ (System) សម្រាប់បំពេញការងាររបស់សមត្ថកិច្ចច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ និងអង្គភាពពាក់ព័ន្ធ។
គិតមកដល់បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់ប្រមាណ ៩៤% នឹងគ្រោងដាក់ឲ្យដំណើរការជាផ្លូវការនៅខែកក្កដាខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ F4 ដែលអាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១៕















