ចៅក្រមសហព័ន្ធរដ្ឋកាលីហ្វ័រនីញ៉ា កាលពីថ្ងៃព្រហស្បតិ៍ (២៧ កុម្ភៈ) បានរារាំងរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ជាបណ្តោះអាសន្ន មិនឱ្យបញ្ជាឱ្យក្រសួងការពារជាតិសហរដ្ឋអាមេរិក និងទីភ្នាក់ងារសហព័ន្ធផ្សេងទៀត ធ្វើការបណ្ដេញចេញពីការងារទ្រង់ទ្រង់ធំលើបុគ្គលិករាប់ពាន់នាក់ ដែលទើបនឹងជួលនាពេលថ្មីៗនេះ។

ចៅក្រមប្រចាំតំបន់អាមេរិក លោក William Alsup នៅទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ បានលើកឡើងអំឡុងសវនាការមួយថា ការិយាល័យគ្រប់គ្រងបុគ្គលិករបស់សហរដ្ឋអាមេរិក OPM ខ្វះអំណាចគ្រប់គ្រន់ក្នុងការបញ្ជាភ្នាក់ងារសហព័ន្ធឱ្យបណ្តេញបុគ្គលិកណាម្នាក់ រួមទាំងបុគ្គលិកស្ថិតក្នុងសាកល្បង ដែលជាធម្មតាមានបទពិសោធន៍តិចជាងមួយឆ្នាំ។

ប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ លោក Trump និងលោកមហាសេដ្ឋី Elon Musk ដែលមើលការខុសត្រូវក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល កំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងដែលមិនធ្លាប់មានពីមុនមក ដើម្បីបង្រួមការិយាធិបតេយ្យសហព័ន្ធ រួមទាំងតាមរយៈការកាត់បន្ថយការងារដ៏ធំផងដែរ។
លោក Alsup បញ្ជាឱ្យទីភ្នាក់ងារ OPM ដែលជាការិយាល័យធនធានមនុស្សសម្រាប់ទីភ្នាក់ងារសហព័ន្ធ ឱ្យលុបចោលអនុស្សរណៈថ្ងៃទី២០ ខែមករា និងអ៊ីមែលចុះថ្ងៃទី១៤ ខែកុម្ភៈ ដែលបញ្ជាឱ្យទីភ្នាក់ងារកំណត់អត្តសញ្ញាណបុគ្គលិកសាកល្បងដែលមិន "សំខាន់ចំពោះបេសកកម្ម" ដើម្បីបញ្ឈប់ពួកគេ៕