ប្រទេសម៉ិកស៊ិក កាលពីថ្ងៃព្រហស្បតិ៍ (២៧ កុម្ភៈ) បានប្រគល់មេក្រុមគ្រឿងញៀនធំៗនៅក្នុងពិភពឧក្រិដ្ឋកម្មរបស់ប្រទេសនេះ ទៅឱ្យអាជ្ញាធរសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃការធ្វើបត្យាប័នដ៏គួរឱ្យភ្ញាក់ផ្អើលនៃអ្នកជាប់ពន្ធនាគារជិត ៣០នាក់ ឬអ្នកផ្សេងទៀត ដែលត្រូវបានចោទប្រកាន់ពីបទមានទំនាក់ទំនងជាមួយក្រុមជួញដូរគ្រឿងញៀនដ៏ហិង្សា។

អ្នកខ្លះជាមេដឹកនាំក្រុមជនអន្ធពាលវ័យចំណាស់ ដែលគ្រប់គ្រងលើរង្វង់ជួញដូរគ្រឿងញៀនអន្តរជាតិជាច្រើនទសវត្សរ៍មុន ដែលផ្តោតលើកូកាអ៊ីន និងហេរ៉ូអ៊ីន។ អ្នកផ្សេងទៀតគឺជាមេក្រុមវ័យក្មេងជាច្រើន ដែលបានចូលរួមក្នុងការជួញដូរបរិមាណដ៏ច្រើននៃសារធាតុហ្វង់តានីលដ៏កាចសាហាវទៅសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ។

អាជ្ញាធរម៉ិកស៊ិកបញ្ជាក់ថា មន្រ្តីបានប្រគល់បងធំជួញដូរគ្រឿងញៀនចំនួន ២៩នាក់ ទៅអាមេរិក ហើយការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីការគំរាមរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងការដំឡើងពន្ធលើទំនិញម៉ិកស៊ិក ដែលលោកបញ្ជាក់ថានឹងចូលជាធរមាននៅថ្ងៃទី០៤ ខែមីនា ខាងមុខនេះតាមការគ្រោងទុក។

អ្នកវិភាគខ្លះមើលឃើញថា ការធ្វើបត្យាប័ននេះជាអំណោយដល់លោក Trump មុនពេលកិច្ចពិភាក្សាពាណិជ្ជកម្មដ៏មានហានិភ័យ។ មេដឹកនាំអាមេរិករូបនេះបាននិយាយថា លោកនឹងបញ្ជាឱ្យយកពន្ធ ២៥% លើទំនិញម៉ិកស៊ិកទាំងអស់ ដោយសារតែអ្វីដែលរដ្ឋបាលរបស់លោកមើលឃើញថា ជាវឌ្ឍនភាពមិនគ្រប់គ្រាន់នៃការកាត់បន្ថយលំហូរសារធាតុហ្វង់តានីល និងជនអន្តោប្រវេសន៍៕